អភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយចែកជូនជនភៀសសឹកចំនួន ៥,០០០គ្រួសារ ក្នុងខេត្តសៀមរាប, ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងបាត់ដំបង

កំពង់ស្ពឺ៖ នាថ្ងៃទី១-២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកសរុបចំនួន ៥,០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងទឹកដីខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ទោះបីជាបងប្អូនកំពុងជួបការលំបាកដោយសារភៀសខ្លួនពីសង្គ្រាម ឬជម្លោះក៏ដោយ សូមបងប្អូនរក្សានូវក្តីសង្ឃឹម និងសាមគ្គីភាពគ្នា។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងនៅក្បែរបងប្អូនជានិច្ច ដើម្បីផ្តល់ការគាំពារទាំងផ្នែកស្បៀងអាហារ សុខភាព និងសុវត្ថិភាព រហូតដល់ស្ថានភាពមានភាពល្អប្រសើរឡើងវិញ។
ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវ និងបានជម្រាបជូនបងប្អូនថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ របស់យើងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យឧស្សាហកម្ម ដែលក្នុងនោះមានរោងចក្រ សហគ្រាសជាច្រើនកំពុងដំណើរការ និងត្រូវការកម្លាំងពលកម្មបន្ថែម។ អាស្រ័យហេតុនេះ ចំពោះបងប្អូនដែលមានកាយសម្បទាមាំមួន ហើយមិនទាន់មានការងារធ្វើពិតប្រាកដ បងប្អូនអាចទៅស្វែងរកការងារធ្វើនៅតាមបណ្តារោងចក្រក្នុងខេត្តកំពង់ស្ពឺបាន ដែលបច្ចុប្បន្នយើងនៅខ្វះខាតកម្មករ កម្មការិនី រហូតដល់រាប់ម៉ឺននាក់បន្ថែមទៀត។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ការស្វែងរកការងារធ្វើក្នុងស្រុក គឺជាជម្រើសដ៏ល្អប្រសើរ ដែលផ្តល់នូវចំណូលស្ថិរភាព មានច្បាប់ការពារត្រឹមត្រូវ និងនៅជិតក្រុមគ្រួសារ ជៀសជាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ឯកឧត្តម ក៏បានចាត់ឱ្យក្រុមការងារត្រៀមសម្របសម្រួល និងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារទាំងនោះ ដល់បងប្អូនណាដែលមានបំណងចង់ទៅបម្រើការងារនៅក្នុងខេត្តកំពង់ស្ពឺផងដែរ៕

