ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារជាង ៥ពាន់គ្រួសារ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ!

ព្រះវិហារ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមធ្វើដំណើរវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាបន្តបន្ទាប់ ក្រោយសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ និងមានសុវត្ថិភាពឡើងវិញ។
យោងតាមការផ្សព្វផ្សាយលើឆាណែលតេឡេក្រាមរបស់រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ចំពោះបងប្អូនដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់មួយចំនួន នៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងទីតាំងសុវត្ថិភាពនានានៅឡើយ ដើម្បីតាមដានសភាពការណ៍បន្ថែម។
គិតត្រឹមថ្ងៃនេះ ចំនួនប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅដល់លំនៅដ្ឋានវិញសរុបចំនួន ៥,១៤៧ គ្រួសារ (ស្មើនឹង ១៤,៨៧៣ នាក់ ក្នុងនោះស្រី ៧,៣១៧ នាក់) ស្មើនឹងប្រមាណ ៣១% នៃចំនួនប្រជាពលរដ្ឋភៀសសឹកសរុបចំនួន ១៦,៤២០ គ្រួសារ៕

