លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ កាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ដែលនេះជាការគូសបញ្ជាក់ពី បូរណភាពនៃអំណាចនុយក្លេអ៊ែររបស់ខ្លួន និងការត្រៀមលក្ខណៈវាយបក ក្នុងករណីមានការគំរាមកំហែងសន្តិសុខ។
Reuters ដោយផ្អែកលើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ បានឱ្យដឹងថាការធ្វើតេស្ដបាញ់មីស៊ីលខាងលើគឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតមួយដែលមានការចូលរួម ដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដើម្បីបង្ហាញពីភាពរីកចម្រើនខាងយោធា និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង នៅមុនសមាជបក្សពលករកូរ៉េដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំ២០២៦។
តាម KCNA លោក គីម ជុងអ៊ុនក៏បានបង្ហាញពីការពេញចិត្តពេញថ្លើមផងដែរចំពោះការធ្វើតេស្ដមីស៊ីលគ្រូសយុទ្ធសាស្ត្រដែលបានវាយប្រហារកម្ទេចគោលដៅដែលបានកំណត់ទុក។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបាននិយាយថាខ្លួនចាប់បានសញ្ញាថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើននៅម៉ោង ៨ព្រឹក កាលពីថ្ងៃអាទិត្យម្សិលមិញ ចេញពីតំបន់ Sunan ក្បែររដ្ឋធានី ព្យុងយ៉ាង៕

