ឯកឧត្តម សុខ លូ ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ហួង អ៉ីយាន ដែលបានពលីជីវិតលើសមរភូមិជួរមុខ

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ហួង អ៉ីយាន អត្តលេខ ២៧៧០៧១ វីរៈកងទ័ព កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ ដែលបានពលីជីវិតលើសមរភូមិជួរមុខ កាលពីថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ១៩ឆ្នាំ ពិធីបុណ្យប្រារព្ធធ្វើនៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុងភូមិភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
ដំណឹងប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយលោក អ៊ូច រីម និងអ្នកស្រី ថាន ណាគ្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកនាយចំណង់ ហួង អ៉ីយាន ដែលត្រូវជាកូនបង្កើតជាទីស្រឡាញ់ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។
ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឱនកាយលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក និងតេជៈ បារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកនាយចំណង់ ហួង អ៉ីយាន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំ បីឃ្លៀងឃ្លាតឡើយ៕

