អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញផ្ដល់ស្បៀងអាហារ ដល់ជនភៀសសឹកជាង ៥០០០គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព ២ទីតាំង

ឧត្ដរមានជ័យ៖ ជនភៀសសឹកចំនួន៥០៣៦គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ២ទីតាំង ក្នុងភូមិសាស្ត្រខេត្ត ទទួលបានស្បៀងអាហារពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥នេះ។
ឯកឧត្ដម អភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនជនភៀសសឹកទាំងអស់គ្នា ដែលជានិច្ចកាល សម្ដេចតែងតែនៅក្បែរបងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពដែលបងប្អូនត្រូវចាកចេញពីលំនៅឋានដោយសារតែសង្រ្គាមឈ្លានរបស់ថៃមកលើកម្ពុជា។
ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា «សូមបងប្អូនជនភៀសសឹកទាំងអស់ ត្រូវមានទំនុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលមិនបោះបង់បងប្អូនណាម្នាក់ចោលឡើយ ហើយនឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងការផ្ដល់ជំនួយសង្គ្រោះបានទាន់ពេលវេលាបំផុត»។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនជនភៀសសឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាព ដោយគោរពតាមគោលការណ៍អនាម័យ “៣ ស្អាត” រួមមាន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕

