សម្តេចតេជោ ហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១០ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា “ សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។
សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។ ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសុំជួយជាអំបុកល្អជាងជួយជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់អំបុកបន្ថែម។
ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន”៕

