ឯកឧត្ដម សុខ លូ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ចំនួន ២០៥គ្រួសារ

បាត់ដំបង៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»និងពិធីសំណេះសំណាលព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ចំនួន ២០៥គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត, ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា, អ្នកផ្ទុកមេរោគអេដស៍, យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសរុបប្រមាណ ២៥៥នាក់ដែលប្រព្រឹត្តទៅនៅបរិវេណវត្តរកា ឃុំរកា ស្រុកសង្កែ។
ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាបាន ថ្លែងនូវសេចក្តីសោមនស្សរីករាយ និង បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងការឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ ក្នុងគោលបំណងរំលឹកស្មារតីរបស់បងប្អូន និងក្មួយៗយុវជន ឱ្យបន្តការប្រុង ប្រយ័ត្នក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍/ជំងឺអេដស៍។
ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុលដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំ និងណែនាំឱ្យ ចៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង អំពើអបាយមុខផ្សេងៗ និងគោរពច្បាប់ចរាចរណ៍។
ឯកឧត្តម ក្រើនរំលឹកដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តជំរុញផ្សព្វផ្សាយយុទ្ធនាការអប់រំអនាម័យបរិស្ថាន កាត់បន្ថយការរំពងសំឡេងនៅតាមទីប្រជុំជន និងកន្លែងកម្សាន្តផ្សេងៗដែលនាំឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាកិច្ចបញ្ចប់នៃកម្មវិធីឯកឧត្តម សុខ លូ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត បានចែកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ២០៥នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ដោយក្នុង១នាក់ទទួលបាន ៖ អង្ករ , ទឹកបរិសុទ្ធ ,មីជាតិ,ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាមួយចំនួនផងដែរ៕

