រដ្ឋមន្រ្តីកសិកម្ម ៖ ការធ្វើពិពិធកម្មផលិតកម្មកសិកម្មឱ្យមានភាពចម្រុះ គឺជួយឱ្យបងប្អូនប្រជាកសិករទទួលបានប្រាក់ចំណូលបន្ថែម មានភាពធន់ទៅនឹងហានិភ័យនៃបម្រែបម្រួលទីផ្សារនិងអាកាសធាតុ និងជួយបង្កើនគុណភាពអាហារូបត្ថម្ភ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការធ្វើពិពិធកម្មផលិតកម្មកសិកម្មឱ្យមានភាពចម្រុះ គឺជួយឱ្យបងប្អូនប្រជាកសិករទទួលបានប្រាក់ចំណូលបន្ថែម មានភាពធន់ទៅនឹងហានិភ័យនៃបម្រែបម្រួលទីផ្សារនិងអាកាសធាតុ និងជួយបង្កើនគុណភាពអាហារូបត្ថម្ភ។
នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម Rt Hon Winston Peters រដ្ឋមន្រ្តីការបរទេសនៃប្រទេសនូវែលសេឡង់ បានអញ្ជេីញជាអធិបតីភាពក្នុងកម្មវិធី Launching of Growing Transformative Horticulture in Cambodia (GROWTH) នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ។
ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលដៅក្នុងការពង្រឹងភាពធន់ ពង្រីកការកែច្នៃ និងធ្វើការតភ្ជាប់ទីផ្សារ សម្រាប់គាំទ្រនិងជ្រោមជ្រែងការបង្វែរមករកសាកវប្បកម្ម ឬការធ្វើផលិតកម្មបន្លែ ផ្លែឈើ និងដំណាំរួមផ្សំដទៃទៀត នៅខេត្តគោលដៅកំពត កោះកុង សៀមរាប និងបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនូវែលសេឡង់ ដែលបាននាំមកនូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងនេះនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថាគម្រោងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកមកម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព៕

