ឯកឧត្ដម គួច ចំរើន កោតសរសើរកងកម្លាំងទាំងអស់ ដែលសហការគ្នាយ៉ាងល្អ ក្នុងការបង្ក្រាបការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់
ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរកងកម្លាំងទាំងអស់ ដែលសហការគ្នាយ៉ាងល្អ ក្នុងការបង្ក្រាបការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដមគួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានសហការគ្នា សស្រាក់សស្រាំ ហ្មត់ចត់ និងការចុះបង្ក្រាបនានាបានយ៉ាងល្អប្រសើរ ជាពិសេសការបង្ក្រាបការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់។
ឯកឧត្ដមបានបញ្ជាក់ជាថ្មីថា រាល់ការគ្រប់គ្រង ប្រើប្រាស់ អាវុធកែច្នៃមានដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈើ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន គឺចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់គ្មានការលើកលែងនោះឡើយ គឺត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន។
ជាថ្មីម្តងទៀត ឯកឧត្ដមស្នើសុំឱ្យកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់បន្តខិតខំប្រឹងប្រែងទប់ស្កាត់បន្តទៀត និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឱ្យកាន់តែតឹងរឹង ធ្វើយ៉ាងណា ការពារ ថែរក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបាន។
គូរឲ្យដឹងថា កិច្ចប្រជុំខាងលើនេះផ្តោតទៅលើវិធានការ៤ ចំនុចមានជាអាទិ៍៖ ១-ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ២-ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ, ៣-ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច, ៤-ការទប់ស្កាត់ វិធានការលើការចោរលួចខ្សែរភ្លើង។ ដែលជាប្រធានបទសំខាន់ដែលលោកអភិបាល ជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមដោះស្រាយរួមគ្នាជាចាំបាច់៕