ក្រុមសិទ្ធិមនុស្ស រិះគន់ការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលប្រកាសពីការបញ្ចប់ស្ថានភាពការពារបណ្តោះអាសន្នសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ានៅសហរដ្ឋអាម៉េរិក

បាងកក៖ ក្រុមសិទ្ធិមនុស្ស បានរិះគន់ការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤វិច្ឆិកា បានប្រកាសពីការបញ្ចប់ស្ថានភាពការពារបណ្តោះអាសន្នសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ានៅសហរដ្ឋអាម៉េរិក ដោយអះអាងថា ពួកគេអាចវិលត្រឡប់ទៅកាន់ប្រទេសដែលកំពុងរងការបំផ្លិចបំផ្លាញដោយសង្គ្រាម និងគ្មានសុវត្ថិភាព ទោះបីការបោះឆ្នោតដែលបានគ្រោងទុកដោយរបបយោធា ថាជាភស្តុតាងនៃស្ថានភាពប្រសើរឡើងក៏ដោយ។ ក្រុមសិទ្ធិមនុស្សអះអាងថា ចំណាត់ការរបស់រដ្ឋបាល ត្រាំ ធ្វើឡើងទោះបីជាសង្រ្គាមស៊ីវិល និងការរំលោភបំពានដោយរបបយោធានៅតែបន្ត។
នៅក្នុងសេចក្តីប្រកាសបញ្ចប់ការការពារបណ្តោះអាសន្នលើការនិរទេសពលរដ្ឋមីយ៉ាន់ម៉ា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី គ្រីស្ទី ណូម បានលើកឡើងពីផែនការរបស់យោធា សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូ កិច្ចព្រមព្រៀងបទឈប់បាញ់ដែលទទួលបានជោគជ័យ ជាហេតុផលសម្រាប់ការសម្រេចចិត្តរបស់ខ្លួន។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ស្ថានភាពនៅក្នុងប្រទេសភូមា មានភាពប្រសើរឡើងគ្រប់គ្រាន់ ដែលវាមានសុវត្ថិភាពសម្រាប់ពលរដ្ឋភូមាក្នុងការវិលត្រឡប់មកប្រទេសវិញ»។ យោធាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានដណ្តើមអំណាចពី លោកស្រី អ៊ុងសាន ស៊ូជី នៅឆ្នាំ២០២១ ហើយកំពុងព្យាយាមបង្ហាញថា ការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់អន្តរជាតិ ជាមួយនឹងការបោះឆ្នោត នាពេលខាងមុខ។
ប៉ុន្តែដោយសារតែលោកស្រី ស៊ូជី បន្តជាប់ក្នុងពន្ធនាគារ ហើយគណបក្សរបស់លោកស្រី ត្រូវបានហាមឃាត់មិនឱ្យចូលរួម ទើបអ្នកសង្កេតការណ៍ភាគច្រើន បានបរិហារការបោះឆ្នោតថា ជាការបោកប្រាស់។ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ហ្សៅ មីនទុន បាននិយាយថា៖«ពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ នឹងត្រូវកាត់ទោសតាមច្បាប់»។ ប៉ុន្តែអ្នកដែលនៅសល់នឹងត្រូវបានផ្តល់ការអនុគ្រោះពិសេស។
យ៉ាងណា លោក ភីល រ៉ូប៊ឺតសុន (Phil Robertson) នាយកផ្នែកតស៊ូមតិនៃផ្នែកសិទ្ធិមនុស្ស និងការងារអាស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រសិនបើសេចក្តីប្រកាសរបស់លេខាធិការ គ្រីស្ទី ណូម ត្រូវបានអនុវត្ត នាងនឹងបញ្ជូនពលរដ្ឋទាំងនោះត្រឡប់ទៅរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ, ការស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការជាប់ទោសទណ្ឌ។ លេខាធិការ ណូម មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ ប្រសិនបើលោកស្រីគិតថា ការបោះឆ្នោតនាពេលខាងមុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឡើងដោយសេរី និងយុត្តិធម៌ ហើយលោកស្រីកំពុងនិយាយទាំងស្រមើស្រម៉ៃថា បទឈប់បាញ់ប្រកាសដោយរបបយោធាមីយ៉ាន់ម៉ា នឹងនាំឱ្យមានវឌ្ឍនភាពនយោបាយ។»
រដ្ឋាភិបាលរួបរួមជាតិស្រមោល (NUG) បានសម្ដែងការខកចិត្តចំពោះការសម្រេចចិត្តរបស់ក្រសួងសន្តិសុខមាតុភូមិ ក្នុងការដកហូតការការពារបណ្តោះអាសន្នសម្រាប់មីយ៉ាន់ម៉ា។
ជាក់ស្តែង អ្នកនាំពាក្យ NUG លោក ណៃ ផុនឡាត់ បានឱ្យដឹងថា របបយោធានៅតែបន្តវាយប្រហារលើជនស៊ីវិល ដោយបន្ថែមថា ការបោះឆ្នោតមិនមានរួមបញ្ចូលក្រុមប្រឆាំងពិតប្រាកដណាមួយឡើយ ដូច្នេះ លទ្ធផលនឹងមិនអាចទទួលយកបានទេ។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ មនុស្សជាង៣ម៉ឺននាក់ ត្រូវបានចាប់ខ្លួនដោយសារហេតុផលនយោបាយ ចាប់តាំងពីយោធាបានដណ្តើមអំណាច ហើយមនុស្ស៧៤៨៨នាក់ត្រូវបានសម្លាប់៕

