អាជ្ញាធរបារាំងចាប់ខ្លួនមនុស្សចំនួន ៣នាក់ ដោយសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៉ី និងជួយឃោសនាឱ្យ សង្គ្រាមរបស់វិមានក្រឹមឡាំង

ប៉ារីស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែវិច្ឆកា ឆ្នាំ២០២៥ អាជ្ញាធរបារាំង បានចាប់ខ្លួនមនុស្សចំនួន ៣នាក់ ដោយសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៉ី និងជួយឃោសនាឱ្យ សង្គ្រាមរបស់វិមានក្រឹមឡាំង ខណៈក្តីបារម្ភអំពីឥទ្ធិពលរុស្ស៉ីនៅទូទាំងអឺរ៉ុប កាន់តែកើនឡើង។
ក្រុមស៉ើបអង្កេតនិយាយថា ការចាប់ខ្លួនត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាព ដែលពាក់ព័ន្ធសមាគមបារាំង-រុស្ស៉ី ដែលគេស្គាល់ថា SOS Donbass។ ម្នាក់ក្នុងចំណោមជនសង្ស័យ ជាបុរសជនជាតិរុស្ស៉ីអាយុ ៤០ឆ្នាំ ត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ ពេលដាក់ ផ្ទាំង ផ្សព្វផ្សាយ គាំទ្រ រុស្ស៉ី នៅ Arc de Triomphe កាលពីខែ កញ្ញា។
យោងតាមរដ្ឋអាជ្ញា ក្រោយមកបុរសរូបនោះ បានទូរស័ព្ទទៅកាន់ប្រធានសមាគម SOS Donbass អាយុ ៤០ឆ្នាំ ជាស្ត្រីកើតនៅក្នុងប្រទេសរុស្ស៉ី ដែលគេសង្ស័យថាប៉ុនប៉ងចង់បានព័ត៌មានសេដ្ឋកិច្ច ពីនាយកប្រតិបត្តិនៅក្រុមហ៊ុនបារាំង។
ទីភ្នាក់ស៉ើបការណ៍សម្ងាត់ក្នុងស្រុក DGSI របស់បារាំង បានតាមដានស្ត្រីរូបនេះតាំងពីដើមឆ្នាំមកម្ល៉េះ ក្រោយរកឃើញសកម្មភាព ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសបារាំង ហើយជំរុញឱ្យចៅក្រម បើកការស៉ើបបអង្កេតផ្លូវការលើករណីសង្ស័យគប់គិតជាមួយបរទេស។
ជនសង្ស័យទី ៣ដែល ត្រូវ ចាប់ ខ្លួន គឺ ជា បុរស អាយុ ៦៣ឆ្នាំ មក ពីតំបន់ Seine-Saint-Denis ភាគ ខាងជើង ទីក្រុង ប៉ារីស។ មានជនសង្ស័យម្នាក់ទៀត អាយុ ៥៨ឆ្នាំ មិនត្រូវបានឃុំខ្លួនទេ ប៉ុន្តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតឹងរ៉ឹងរបស់តុលាការ ហើយត្រូវរាយការណ៍ជូនប៉ូលិសម្តងក្នុងមួយសប្តាហ៍៕

