កាកបាទក្រហមកម្ពុជា ចុះប្រគល់សមិទ្ធផលផ្ទះថ្មី ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជូនប្រជានុរាស្ត្រជាទុរគតជន រស់នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងសហការី ចុះប្រគល់ផ្ទះចំនួន ២ខ្នង និងអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជានុរាស្ត្រជាទុរគតជនរស់នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះរួមមាន ផ្ទះចំនួន ២ខ្នង ប្រើពេលវេលាសាងសង់ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយពេលនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដែលផ្ទះនីមួយៗមានទំហំ ៥ម៉ែត x ៧ម៉ែត សង់ពីថ្ម ដំបូលប្រក់ស័ង្កសី តតាកមុខផ្ទះមុខក្រោយ ក្រាលការ៉ូបាត មានចង្ក្រានបាយ មានបន្ទប់ទឹក បង្កាន់ដៃធ្វើពីបេតុង និងនិងមានចាក់សាបជុំវិញផ្ទះមុខក្រោយមួយម៉ែត្រកន្លះ, ហើយផ្ទះនីមួយៗមានតម្លៃ ៧.០០០ដុល្លារអាម៉េរិក ត្រូវបានប្រគល់ជូន៖ ម្ចាស់ផ្ទះទី១ គឺលោកស្រី វន សាខន អាយុ ៦០ឆ្នាំ ជាទុរគតជន (មានបន្ទុកចិញ្ចឹមចៅកំព្រាចំនួន២នាក់) រស់នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកឯ ម្ចាស់ផ្ទះទី២ គឺលោកស្រី ម៉េង ង៉ុច អាយុ ៦៥ឆ្នាំ ជាទុរគតជន (ពិការភ្នែកទាំងសងខាង) រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដោយឡែក អណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់ ៦.០០០ដុល្លារ ដែលអណ្តូងទី១ សង់នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ៣០គ្រួសារ , អណ្តូងទី២ និងអណ្តូងទី៣ សង់នៅភូមិធ្លក ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ៦០គ្រួសារ ។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវព្រះរាជសវនីយ៍ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងការផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងបានជម្រាបជូនថា «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ។ ជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់ផ្ទះចំនួន២ខ្នង និងប្រគល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតសម្រាប់ប្រជាជនប្រើប្រាស់ចំនួន ៩០គ្រួសារ នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ នាកាសនេះ។»
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើ ម្ចាស់ផ្ទះទាំងពីរខ្នង និងប្រជានុរាស្ត្រដែលទទួលផលពីព្រះរាជទ្រព្យនេះ សូមជួយថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបាននេះឱ្យបានគង្សវង្សឋិតថេរយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត។
ទន្ទឹមនឹងនេះលោកជំទាវក៏បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន ជាពិសេសប្រុងប្រយ័ត្នចំពោះជំងឺពេញនិយមគឺជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ការទទួលទានអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមី និងការទទួលទានគ្រឿងស្រវឹងបណ្តាលឱ្យខូចសុខភាពហើយថែមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀត។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមសារអប់រំសុខភាពស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ជៀសផុតពីជំងឺទាំងឡាយ ឆ្លៀតពេលទំនេរបង្កបង្កើនផលខ្លះគ្រាន់ចិញ្ចឹមជីវិត និងអានសៀវភៅព្រះធម៌ដែលបានចែកជូន ដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារបានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺផងដែរ។
ម្ចាស់ផ្ទះទាំង២ខ្នងខាងលើ មានក្តីរំភើបរីករាយឥតឧបមា ដោយមិននឹកស្មានថាបានទទួលជម្រកស្នាក់នៅសមរម្យ ថែមទាំងទទួលបានអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន៖ គ្រែ កន្ទេល ខ្នើយ សម្ភារផ្ទះបាយ គ្រឿងឧបភោគបរិភោគ និងថវិកា៥០ម៉ឺនរៀលទៀតផង។
ចំពោះប្រជាពលរដ្ឋដែលទទួលបានអណ្តូងទាំង៣ ក៏មានក្តីសប្បាយរីករាយ ដោយទទួលបានទឹកប្រើប្រាស់ និងអាស្រ័យផលរៀងៗខ្លួនជាដរាបតទៅ តកូនតចៅ ដែលជួយធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹកពីទីឆ្ងាយពីផ្ទះដូចមុនទៀតឡើយ។
សូមជម្រាបជូនថា ក្រៅពីបានធ្វើពិធីប្រគល់-ទទួលផ្ទះនិងអណ្តូងខាងលើនេះ កាកបាទក្រហមកម្ពុជា បាននាំយកព្រះរាជអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ចំនួន ១៥០គ្រួសារ ដែលរស់នៅក្បែរទីតាំងផ្ទះ និងអណ្តូងដែលធ្វើព្រះរាជពិធីប្រគល់-ទទួលនាឱកាសនោះ ដែលរស់នៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ហើយដែលគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង,ទឹកស៊ីអ៊ីវ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន។
សូមបញ្ជាក់ជូនថា ព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានកសាងជាព្រះរាជសមិទ្ធផលនានាជូនដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាល ដែលមានដូចជា៖ បានសាងសង់ផ្ទះចំនួន ២៨ខ្នង (ក្នុងនោះ ផ្ទះ ២ខ្នង នៅខេត្តព្រះវិហារ, ៤ខ្នង នៅឧត្តរមានជ័យ, ៥ខ្នង នៅកំពង់ឆ្នាំង, ៥ខ្នង នៅកំពង់ស្ពឺ, ១០ខ្នង នៅពោធិ៍សាត់, និងផ្ទះ ២ខ្នង នៅខេត្តកំពង់ធំ)។ ជាមួយគ្នានេះ បានសាងសង់អណ្តូងទឹកស្អាតចំនួន ៣៣អណ្តូង (ក្នុងនោះ អណ្តូងចំនួន៣ នៅខេត្តព្រះវិហារ, អណ្តូង១៦ នៅឧត្តរមានជ័យ, អណ្តូង៣ នៅមណ្ឌលគិរី, អណ្តូង៦ នៅកំពង់ឆ្នាំង, អណ្តូង២ នៅកំពង់ស្ពឺ, និងអណ្តូង៣ នៅខេត្តកំពង់ធំ)។ ទន្ទឹមនឹងនេះ ក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន ១៣កន្លែង (ក្នុងនោះកន្លែងលាងសម្អាតដៃ ៦កន្លែងនៅខេត្តកំពង់ធំ និង ៧កន្លែង នៅខេត្តមណ្ឌលគិរី)។ បន្ថែមពីនេះ ក៏បានសាងសង់បង្គន់អនាម័យ ៤ខ្នង (មាន១៣បន្ទប់) ក្នុងនោះបង្គន់អនាម័យ ៣ខ្នង នៅខេត្តកំពង់ធំ និង ១ខ្នង នៅខេត្តមណ្ឌលគិរី ផងដែរ៕

