ឥណ្ឌា និងកាណាដា ចាប់ផ្ដើមកិច្ចចរចាដែលជាប់គាំងឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ

អូតាវ៉ា៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា រដ្ឋាភិបាលឥណ្ឌា បាននិយាយថាឥណ្ឌា និងកាណាដា បានឯកភាពគ្នាចាប់ផ្ដើមកិច្ចចរចាដែលជាប់គាំងឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ បន្ទាប់ពី កិច្ចពិភាក្សារវាងប្រទេសទាំង២ ត្រូវបានផ្អាកក្រោយផ្ទុះជម្លោះការទូតនឹងគ្នាកាលពីជាង ២ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងកិច្ចពិភាក្សាទ្វេភាគីមួយនាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបានគូសបញ្ជាក់ថា «មេដឹកនាំទាំង២ បានឯកភាពគ្នាថានឹងចាប់ផ្ដើមកិច្ចចរចាស្ដីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលមានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥០ពាន់លានដុល្លារនៅមុនឆ្នាំ២០៣០»។
ភាគីទាំង២ក៏បានប្ដេជ្ញាចិត្តឡើងវិញចំពោះកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលរបស់ប្រទេសទាំង២ ជាមួយការកត់សម្គាល់ពីកិច្ចពិភាក្សាដែលកំពុងធ្វើឡើងជុំវិញការពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានទាំងការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ៕
