ក្រសួងពាណិជ្ជកម្មចិន៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងជប៉ុន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន កែតម្រូវការអត្ថាធិប្បាយរបស់លោកស្រីលើកោះតៃវ៉ាន់

ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ទី២០វិច្ឆិកា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងជប៉ុន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន កែតម្រូវការអត្ថាធិប្បាយរបស់លោកស្រីលើកោះតៃវ៉ាន់ ឬប្រឈមមុខនឹងផលវិបាក។
ភ្លើងជម្លោះការទូតរវាងចិន និងជប៉ុន បានចាប់ផ្តើមឆាបឆេះបន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណា តាកៃឈី បានប្រាប់អ្នកតាក់តែងច្បាប់ជប៉ុននៅខែនេះថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ គឺបានគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន អាចបង្កឱ្យមានការឆ្លើយតបខាងយោធា។
លោកស្រី ហឺ យ៉ុងឈៀន អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការកត់សម្គាល់ខុសឆ្គងដោយបើកចំហរបស់នាយករដ្ឋមន្ត្រី តាកៃឈី ទាក់ទងនឹងតៃវ៉ាន់ បានធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន និងបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រសិនបើភាគីជប៉ុន នៅតែបន្តដើរលើផ្លូវខុស ប្រទេសចិននឹងចាត់វិធានការចាំបាច់ ហើយផលវិបាកទាំងអស់នឹងត្រូវទទួលដោយប្រទេសជប៉ុនខ្លួនឯង។
អ្នកនាំពាក្យរបស់លោកស្រី តាកៃឈី បានចេញមុខបកស្រាយថា ការអត្ថាធិប្បាយរបស់លោកស្រីលើតៃវ៉ាន់ មិនបានផ្លាស់ប្ដូរគោលនយោបាយជប៉ុន ដែលមានស្រាប់នោះទេ។
យោងតាមរបាយការណ៍ពីប្រព័ន្ធ ទិន្នន័យ ពាណិជ្ជកម្ម របស់ អង្គការសហប្រជាជាតិ (UN COMTRADE ) ប្រទេសចិន គឺជាទីផ្សារនាំចេញធំទីពីររបស់ប្រទេសជប៉ុនបន្ទាប់ពីសហរដ្ឋអាម៉េរិក ដោយទិញទំនិញជប៉ុនប្រមាណ១២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ភាគច្រើនជាឧបករណ៍ឧស្សាហកម្ម semiconductors និងរថយន្ត។ រាជធានីតូក្យូ អាចនឹងជួបការលំបាកក្នុងការស្វែងរកទីផ្សារជំនួស ប្រសិនបើប្រទេសចិនបិទទ្វាររបស់ខ្លួនចំពោះទំនិញជប៉ុន។ ទិន្នន័យបង្ហាញថា កូរ៉េខាងត្បូង ជាគោលដៅនាំចេញធំជាងគេទីបីរបស់ជប៉ុន បានទិញទំនិញត្រឹមតែ៤៦ពាន់លានដុល្លារប៉ុណ្ណោះ កាលពីឆ្នាំមុន៕

