រដ្ឋបាលក្រុងសំរោង បង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពក្រុង

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់មួយនៅសាលប្រជុំរដ្ឋបាលក្រុងសំរោង ដែលមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មាន មន្ទីរប្រៃសណីយ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សាខាពន្ធដារ និងអង្គភាពទទួលបន្ទុកច្រកចេញចូលតែមួយក្រុងសំរោង។
រដ្ឋបាលក្រុងសំរោង បានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពក្រុង តាមរយៈការចុះអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យស្លាកយីហោ និងអាជ្ញាបណ្ណអាជីវកម្ម ព្រោះថា លទ្ធផលនៃការចុះអនុវត្តន៍បឋម បានរកឃើញអាជីវករជាច្រើន នៅពុំទាន់បានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់នោះទេ។ បន្ថែមពីលើនេះ ស្លាកយីហោរបស់គាត់មួយចំនួន បានលើកតាំង រំលោភលើដីចំណីផ្លូវសាធារណៈ និងខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យបាត់បង់សោភ័ណភាពក្រុង។
គោលបំណង ដែលមានជំនួបប្រជុំនាពេលនេះ ដើម្បីធ្វើការផ្សព្វផ្សាយជាផ្លូវការ និងកំណត់នីតិវិធី ពេលវេលាក្នុងការចុះណែនាំដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាហាងលក់ទំនិញ អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ម៉ាហ្សា ខារ៉ាអូខេ ហាងលក់គ្រឿងអេឡិចត្រូនិច និងផ្សារទំនើបខ្នាតតូច ឱ្យមកបំពេញកាតព្វកិច្ចស្របតាមច្បាប់។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំក៏នឹងពិភាក្សាលើការរៀបចំនីតិវិធីរួមតែមួយ លំហូរការងាររួម ស្របតាមបទនីតិវិធីច្បាប់ ធ្វើឱ្យមានលក្ខណៈសាមញ្ញ ឆាប់រហ័ស និងតម្លាភាព។
បន្ទាប់ពីកិច្ចប្រជុំបញ្ចប់ ក្រុមការងាររដ្ឋបាលក្រុងសំរោងនឹងរៀបចំផែនការអនុវត្តរួមថ្មី ដើម្បីបន្តចុះត្រួតពិនិត្យ និងចាត់វិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុត រួមទាំងការរុះរើដោយបង្ខំ ចំពោះស្លាកសញ្ញា និងអាជីវកម្មណាដែលបន្តរំលោភច្បាប់ (មិនស្នើសុំច្បាប់អនុញ្ញាត)៕

