អ៊ុយក្រែនកំពុងធ្វើការ ដើម្បីបន្តដំណើរការដោះដូរឈ្លើយសឹកឡើងវិញជាមួយរុស្ស៉ី

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងធ្វើការ ដើម្បីបន្តដំណើរការដោះដូរឈ្លើយសឹកឡើងវិញ ជាមួយរុស្ស៉ី ដោយសង្ឃឹមថា នឹងអាចស្វែងរកការដោះលែងជនជាតិអ៊ុយក្រែនចំនួន ១២០០នាក់។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ពួកយើងកំពុងរំពឹងលើការបន្តការដោះដូរឈ្លើយសឹកឡើងវិញ។ ជំនួបប្រជុំ កិច្ចចរចា និង ការសន្ទនាទូរសព្ទជាច្រើន ឥឡូវកំពុងតែផ្តោតលើរឿងនេះ»។
រីឯប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ហ្សេលេនស្គី គឺលោក Rustem Umerov ក៏បានឱ្យដឹងដែរថា លោកបានធ្វើការពិគ្រោះយោបល់ នៅប្រទេសតួកគីយ៉េនិងអេមីរ៉ាតអារ៉ាប់រួម ក្រោមការគាំទ្រពីដៃគូ របស់ទីក្រុងកៀវ ស្តីពីការបន្តដំណើរការដោះដូរឡើងវិញ។
លោក Umerov បានប្រាប់ថា «ជាលទ្ធផលនៃការចរចាទាំងនេះ បណ្តាភាគីពាក់ព័ន្ធបានឯកភាពគ្នា ដើម្បីត្រឡប់ទៅរកកិច្ចព្រមព្រៀងអ៉ីស្តង់ប៊ុលវិញ ហើយវាពាក់ព័ន្ធការដោះលែងឈ្លើយសឹកអ៊ុយក្រែន ១២០០នាក់»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអ៉ីស្តង់ប៊ុល ចង់សំដៅលើការព្រមព្រៀងគ្នាស្តីពីការដោះដូរអ្នកទោសសង្រ្គាម សម្រេចបានក្រោមការសម្របសម្រួល របស់តួកគីយ៉េ កាលពីឆ្នាំ២០២២ ដែលកំណត់លក្ខខណ្ឌនិងនីតិវិធី សម្រាប់ការដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំរវាងអ៊ុយក្រែននិងរុស្ស៉ី៕

