សម្តេចតេជោ៖ តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេស ជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?
