ស្នងការខេត្តស្វាយរៀង សម្រេចដកបញ្ឈរជើងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើសម្ដីមិនសមរម្យលើពលរដ្ឋរងគ្រោះ នៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ

ស្វាយរៀង៖ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាឲ្យដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះ នៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។
សូមជម្រាបថា លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីម្នាក់ទៅប្ដឹងលោកករណីចោរលួចម៉ូតូ បែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅកាន់ប្រជាពលរដ្ឋថែមទៀត៕

