លោក ដូណាល់ ត្រាំ នឹងធ្វើគ្រប់យ៉ាងដើម្បីជួយស៉ីរី

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយឱ្យប្រទេសស៉ីរីមានជោគជ័យ បន្ទាប់ពីកិច្ចពិភាក្សាដ៏សំខាន់ជាមួយប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa ក្នុងទីក្រុងវ៉ាស៉ីនតោន។
លោក Sharaa ធ្លាប់ជាមេបញ្ជាការក្រុមអាល់កៃដា និងត្រូវបានទីក្រុងវ៉ាស៉ីនតោន ចាត់ថ្នាក់ជាភេរវករបរទេស។
លោក ត្រាំ បានជួបលោក Sharaa ក្នុងដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មាន នៃប្រធានាធិបតីស៉ីរីទៅកាន់ទីក្រុងវ៉ាស៉ីនតោន និង ៦ខែបន្ទាប់ពីបានជួបគ្នានៅអារ៉ាប៊ីសាអូឌីត ជាទីដែលលោក ត្រាំ ប្រកាសពីផែនការដកទណ្ឌកម្ម ហើយថាការចាត់ទុក លោក Sharaa ជាភេរវករគឺលែងចាំបាច់ទៀត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានសរសើរលោក Sharaa ថាជា «មេដឹកនាំដ៏រឹងមាំម្នាក់» និងបានបង្ហាញទំនុកចិត្តលើលោក Sharaa ជាមួយការបញ្ជាក់ថា « យើងនឹងធ្វើគ្រប់យ៉ាងដែលយើង អាចធ្វើបានដើម្បីឱ្យស៉ីរីមានជោគជ័យ»៕

