សៀម និងលេសគ្រាប់មីន!

ដូចការគិតទុកមុនរបស់ខ្ញុំ គឺរដ្ឋាភិបាលសៀមនឹងមិនដោះលែងកងទ័ពខែ្មរទាំង១៨រូបរបស់កម្ពុជានៅថ្ងៃទី១២ ខែវិច្ឆិកា នាថ្ងៃស្អែកនេះឡើយ។ ដោយហេតុថា៖
១. ភាគីសៀមបានដាក់សម្ពាធនូវលក្ខខណ្ឌ៤ចំណុច ដែលក្នុងនោះមានទាំងការដោះគ្រាប់មីនរួមគ្នានៅលើទឹកដីនៃដែនអធិបតេយ្យភាពជាតិកម្ពុជា។
២. ការផ្ទុះគ្រាប់មីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនៅទល់មុខប្រាសាទព្រះវិហាររបស់កម្ពុជា ដែលបណ្តាលអោយទាហានសៀមពីរនាក់រងរបួស គឺជាលេសរបស់មេដឹកនាំរដ្ឋាភិបាលសៀម ដើម្បីពន្យាពេល ដោយមិនកំណត់កាលបរិច្ឆេទច្បាស់លាស់នៃការដោះលែងកងទ័ពកម្ពុជាទាំង១៨រូប។
ប្រសិនបើយើងគិតសាមញ្ញៗតាមបែបអាជ័យ-មីគ្រត គឺរយៈពេលប្រមាណ១០០ឆ្នាំចុងក្រោយនៅប្រទេសសៀមពុំមានសង្រ្គាមសុីវិលតាមលំនាំមនោគមន៍វិជ្ជានយោបាយរបស់លោកខាងលិច ឬលោកខាងកើតអ្វីឡើយ ដែលលើកលែងតែក្រុមបះបោរនៅភាគខាងត្បូងប្រទេសខ្លះៗតែប៉ុណ្ណោះ។ ដូច្នេះ សៀមមិនចាំបាច់ប្រើប្រាស់គ្រាប់មីន ដើម្បីប្រល័យគ្នាឡើយ។
ផ្ទុយមកវិញ ចាប់តាំងពីឆ្នាំ១៩៧០នៅបន្ទាប់ពីរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តមសីហនុ ប្រទេសកម្ពុជាបានធ្លាក់ក្នុងអន្ទាក់សង្រ្គាមសុីវិលរហូតដល់ឆ្នាំ១៩៩១នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (លើកលែងតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ប៉ុល ពត) ។
ក្នុងសម័យសង្រ្គាមសុីវិលចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ កងទព័ព្រៃរបស់ខ្មែរក្រហម ប៉ុល ពត បានរៀបចំយុទ្ធសាស្រ្តរាយមីនរាប់សែនលានគ្រាប់នៅតាមបណ្តោយព្រំដែនភាគខាងលិចកម្ពុជាជាប់ព្រំដែនសៀម ដើម្បីទប់ទល់នឹងកងទ័ពរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតុកម្ពុជា និងកងទ័ពស្មគ្រចិត្តវៀតណាម។ ដោយឡែក កាលពីសម័យសង្រ្គាមសុីវិលនៅកម្ពុជាប្រាកដណាស់ថា រដ្ឋាភិបាលសៀមជំនាន់នោះមិនមែនភ្លើសុីបាយនឹងត្រឡោកបណ្តោយអោយទាហានខ្មែរក្រហមរាយគ្រាប់មីនចូលទៅក្នុងដែនអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា គ្រាប់មីនបន្សល់ពីសម័យសង្រ្គាមរវាងខ្មែរនឹងខ្មែរទៅដល់កន្លែងណា គឺអាចបញ្ជាក់បានថា ទឹកដីខ្មែរនៅត្រង់កន្លែងនោះ។ ដូច្នេះ សៀមគ្មានសិទ្ធិទាមទារ ឬដាក់លក្ខខណ្ឌតម្រូវអោយកម្ពុជាសហការដោះគ្រាប់មីនជាមួយភាគីសៀមឡើយ។ ម្យ៉ាងទៀត ការសហការដោះមីនអាចជាអន្ទាក់របស់សៀមសម្រាប់ឈ្លានពានកម្ពុជា ឬតវ៉ាទាមទារតាមផ្លូវច្បាប់សម្រាប់រយៈពេលវែងរាប់រយឆ្នាំបន្ទាប់។
សរុបសេចក្តីមក ទាហានសៀមទាំងអស់ ដែលរងរបួសដោយសារគ្រាប់មីននៅក្រោយការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា-សៀមចាប់ពីខែកក្កដា ឆ្នាំ២០២៥ គឺព្រឹត្តិការណ៍ទាំងនោះបានកើតឡើងនៅលើទឹកដីកម្ពុជាយ៉ាងពិតប្រាកដ ចំណែកឯទាហានសៀមទាំងនោះគ្រាន់តែជាជនរងគ្រោះ ព្រោះតែនយោបាយឈ្លានពានរបស់មេដឹកនាំសៀមបច្ចុប្បន្នតែប៉ុណ្ណោះ៕
ដោយ៖ ស្ទីវិន សាន់

