អាជ្ញាធរសមុទ្រម៉ាឡេស៊ី បង្កើនការល្បាតតាមឆ្នេរសមុទ្រ ដើម្បីស្វែងរកជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលកំពុងបាត់ខ្លួន

គូឡាឡាំពួ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរសមុទ្រម៉ាឡេស៊ីបានបង្កើនការល្បាតតាមឆ្នេរសមុទ្រអាន់ដាម៉ាន់កាលពីថ្ងៃចន្ទ ដើម្បីស្វែងរកជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលកំពុងបាត់ខ្លួន។ ប៉ូលិសជឿជាក់ថា ពួកគេស្ថិតនៅលើទូកមួយគ្រឿងដែលបានក្រឡាប់លិច និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់។
ស្នងការនគរបាលប្រចាំកោះឡាំងកាវី (Langkawi) លោក ខៃរ៉ល់ អាហ្សា នូរ៉ូដឌីន (Khairul Azhar Nuruddin) បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានឡើងនាវាមួយឆ្ពោះទៅកាន់ម៉ាឡេស៊ីកាលពីពីរសប្តាហ៍មុន មុនពេលត្រូវបានបំបែកក្រុម ហើយបញ្ជូនទៅកាន់ទូកពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍។
អាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា ទូកដែលបានលិចនោះមានមនុស្សប្រហែល ៧០នាក់ ដោយពួកគេបានរកឃើញអ្នករស់រានមានជីវិត ១៣នាក់ និងសាកសព ៧នាក់។ ជោគវាសនានៃទូកមួយគ្រឿងទៀតដែលដឹកអ្នកដំណើរ ២៣០នាក់ នៅមិនទាន់ដឹងនៅឡើយទេ។ ទន្ទឹមនឹងនេះ អាជ្ញាធរនៅប្រទេសថៃដែលនៅជិតខាង បានរកឃើញសាកសពចំនួន ៤នាក់ ដែលក្នុងនោះមានក្មេងស្រីរ៉ូហ៊ីងយ៉ាពីរនាក់៕
