ឆ្មាំសមុទ្រកូរ៉េខាងត្បូង បើកប្រតិបត្តិការតាមស្វែងរកមនុស្ស៩នាក់ ដែលបានបាត់ខ្លួនក្រោយទូកនេសាទចិនមួយគ្រឿងបានលិច នៅឯតំបន់ឆ្នេរភាគខាងលិចនៃប្រទេស

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ឆ្មាំសមុទ្ររបស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បានបើកប្រតិបត្តិការតាមស្វែងរកមួយ បន្ទាប់ពីសេចក្ដីរាយការណ៍ថាមនុស្ស៩នាក់បានបាត់ខ្លួនក្រោយទូកនេសាទចិនមួយគ្រឿងបានលិច នៅឯតំបន់ឆ្នេរភាគខាងលិចនៃប្រទេស។
តាមមន្ត្រីឆ្មាំសមុទ្រកូរ៉េខាងត្បូងម្នាក់ មនុស្ស១១នាក់ត្រូវបានគេជឿថាស្ថិតនៅលើទូកនេសាទខាងលើដែលត្រូវបានរាយការណ៍ថាបានលិចនៅចម្ងាយ ១៥០គីឡូម៉ែត្រពីឆ្នេរភាគខាងលិចរបស់កូរ៉េខាងត្បូង។
នាវាឆ្មាំសមុទ្រ៤គ្រឿង និងយន្ដហោះ៣គ្រឿង ក្នុងនោះរួមមានឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានដាក់ពង្រាយឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន។
មន្ត្រីរូបនេះដដែល បានបន្ថែមថាមនុស្ស២នាក់ ក្នុងចំណោមមនុស្ស១១នាក់នៅលើទូកនេសាទចិនត្រូវបានជួយសង្រ្គោះដោយកប៉ាល់មួយគ្រឿងដែលធ្វើដំណើរឆ្លងកាត់ទីនោះ៕

