ហ្វីលីពីន៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi បានកើនដល់៦៦នាក់

AFP៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi បានកើនដល់៦៦នាក់ នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា ខណៈប្រជាជននៅក្នុង ខេត្ត Cebu ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបានចាប់ផ្ដើមប្រមូលរបស់របរដែលអាចប្រើប្រាស់បាននៅក្នុងផ្ទះ និងហាងទំនិញរបស់ពួកគេដែលត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាត ដោយសារទឹកជំនន់ដ៏អាក្រក់បំផុតមួយ។
លោក Rafaelito Alejandro ជានាយករងនៃទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថានៅក្នុងចំណោមអ្នកស្លាប់ខាងលើ មាន៤៩នាក់ ត្រូវបានរាយការណ៍នៅក្នុងខេត្ត Cebu ខណៈមនុស្ស ២៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធនេះ (ម៉ោងនៅហ្វីលីពីន) ព្យុះទីហ្វុង Kalmaegi បានបក់បោកក្នុងទិសដៅឆ្ពោះទៅលិច ឆ្ពោះទៅរកកោះ Palawan ជាមួយល្បឿនខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕

