ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជាតិ រីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឱ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានកាេអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។
ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង បែបនេះ ធ្វើឡើងក្រោយបានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីវិស័យអប់រំក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាមិនមានអ្វីទាំងអស់ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះទើបធ្វើឱ្យវិស័យអប់រំមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានសូមឱ្យកូនក្មួយទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានខ្លាំងក្លាដើម្បីយកចំណេះវិជ្ជាទាំងនេះមកបម្រើជាតិមាតុភូមិ ធ្វើឱ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាអាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាន និងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ៕

