លោក JD Vance៖ អាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សានោះទេ

អ៉ីស្រាអែល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក JD Vance អនុប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែតុលាថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សានោះទេ ដែលនេះជាការគូសបញ្ជាក់ឡើងវិញពីការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងក្រុមមន្ត្រីអាមេរិកជាច្រើនដងមកនេះ។
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Kiryat Gat ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនទៅកាន់ តំបន់ហ្កាហ្សានោះទេ។ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់រួចហើយ ហើយថ្នាក់ដឹកនាំយោធារបស់យើងក៏បានបញ្ជាក់ច្បាស់ៗរួចហើយដែរ»។
គួរបញ្ជាក់ថា លោក JD Vance បានធ្វើដំណើរទៅដល់អ៉ីស្រាអែលកាលពីថ្ងៃអង្គារ ស្របពេលទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាមរក្សាស្ថិរភាពបទឈប់បាញ់ហ្កាហ្សាដំណាក់កាលដំបូង ហើយជំរុញ អ៉ីស្រាអែលព្រមទាំង ក្រុមហាម៉ាស បន្តឆ្ពោះទៅដំណាក់កាលបន្ទាប់ទៀត នៃកិច្ចចរចាបញ្ចប់សង្រ្គាម៕
