លោកMacron ថា លោក ហ្សេលេនស្គី នឹងចូលរួមក្នុងកិច្ចប្រជុំបណ្តាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលរៀបចំឡើងនៅទីក្រុងឡុងដ៏ របស់ចក្រភពអង់គ្លេស

ស្លូវេនី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ ២០២៥ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមក្នុងកិច្ចប្រជុំនៃបណ្តាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលរៀបចំឡើងនៅទីក្រុងឡុងដ៏ របស់ចក្រភពអង់គ្លេស។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងប្រទេសស្លូវេនី លោក Macron គូសបញ្ជាក់ថា «ថ្ងៃសុក្រសប្តាហ៍នេះ យើងនឹងមានកិច្ចប្រជុំនៃបណ្តាសម្ព័ន្ធមិត្តអ៊ុយក្រែន តាមប្រព័ន្ធអនឡាញ និងជួបប្រជុំដោយផ្ទាល់ ហើយលោក ហ្សេលេនស្គី នឹងមកចូលរួមផ្ទាល់»។
កិច្ចប្រជុំនៃបណ្តាសម្ព័ន្ធមិត្តអ៊ុយក្រែន ដែលផ្តួចផ្តើមដោយបារាំង និងចក្រភពអង់គ្លេសកាលពីខែកុម្ភៈ បានរៀបចំច្រើនខែមកហើយ នៅក្នុងកម្រិតផ្សេងៗគ្នា ដើម្បីព្យាយាមកំណត់ការរួមចំណែក ជួយដល់អ៊ុយក្រែនខាងផ្នែកយោធា និងដើម្បីរារាំងរុស្ស៉ីពីការបន្តវាយប្រហារ ករណីដែលមានបទឈប់បាញ់៕
