ស្ត្រីជាមាតា ចំនួន៣៦គ្រួសារក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទទួលបានសារអប់រំសុខភាពនិងអំណោយកាកបាទក្រហមកម្ពុជា

កោះកុង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកជំទាវ ឈី វ៉ាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនស្ត្រីជាមាតា ( ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីទើបសម្រាលកូន ចំនួន៣៦គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
លោកជំទាវ ឈឺ វ៉ា ក្នុងប្រធានគណ:កម្មាធិការសាខាថ្មីអាណតិ្តទី៦នេះ សូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលនិងសង្ឃឹមថានឹងនៅតែជួយគាំទ្រដល់សកម្មភាពសាខាខេត្តកោះកុងបន្តទៀត ។
មានមតិសំណេះសំណាលជាមួយស្ត្រីជាមាតា លោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , ឥស្សរជនឆ្នេីមថ្នាក់ជាតិ ប្រចាំតំបន់អាស៉ី
ប៉ាស៉ីហ្វិក ឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដេីម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក ការអាណិតស្រលាញ់ និងការគិតគូរពីជីវភាព សុខភាពរបស់ស្ត្រីជាមាតាគ្រប់ៗរូប។
ជាមួយគ្នានេះអ្វីដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចង់បានពីបងប្អូនស្ត្រីជាមាតាទាំងអស់ទន្ទឹមនឹងការគិតគូរពីជីវភាពសូមបងប្អូនជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងស្ត្រីមានកូនតូច បង្កើនការយកចិត្តទុក្ខដាក់ថែទាំសុខភាពឲ្យបានល្អ ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ត្រូវមានអានាម័យជាប់ជានិច្ច ពិសារទឹកឆ្អិន នឹងត្រូវស្រលាញ់ខ្លួនឲ្យស្ងួនចំណីដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយះការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។
ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឲ្យបាន៤ដងមុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវ:ត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយនិងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូនពិសេសជំងឺអេដស៍។
ដោយឡែកស្ត្រីជាមាតាទាំងអស់ទោះបីសម្រាលកូនរួចក៏ដោយក៏សូមបន្តទៅពិនិត្យសុខភាពទាំងម្តាយនិងទារក ពិសេសយកទារកទៅទទួលថ្នាំបង្កាជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ ។ ជាមួយគ្នានេះសូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីកេីតរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ ក្រៅពីនេះក៏សូមសម្អាតបរិស្ថានជុំវិញផ្ទះក្នុងផ្ទះ ដោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះថាផ្សែងរបស់វាហ្នឹងអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពយើង។
អំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ ( មុង ភួយ សារុង ក្រមា) ម្សៅសាប៊ូ១កញ្ចប់ សាប៊ូកក់សក់១ដប សាប៊ូ២ដុំ អង្ករសុខភាព៤កញ្ចប់ អង្រឹង១ កញ្ចប់អនាម័យសម្រាប់ស្ត្រីរបស់(UNFPA) និងថវិកាមួយចំនួន។
ឆ្លៀតពេលបន្ទាប់ពីពិធីសំណេះសំណាលជាមួយស្ត្រីជាមាតារួច លោកជំទាវ ពុំ ចន្ទីនី និងសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណគណ:ធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះចៅអធិការវត្តទេពនិមិត្តហៅវត្តថ្មី ដើម្បីទ្រទ្រង់ចង្ហាន់គង់នៅសិក្សាព្រះធម៌វិន័យចំនួន១១៨អង្គ ក្នុងនោះនេនតូចៗចំនួនជាង៧០អង្គ៕

