សម្តេចធិបតី ស្នើអ្នកនយោបាយ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពក្នុងការការពារបូរណភាពទឹកដី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលបីខែនេះ យើងស្ងាត់តែមិនស្ងៀម ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការគ្រប់បែបយ៉ាង ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែន កម្ពុជា និងថៃ និងខិតខំដោះស្រាយបញ្ហាជួយឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីថៃ មានការងារធ្វើ និងជំរុញការបង្កើត ផលិតផលក្នុងស្រុក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា រយៈពេលប្រមាណពីរខែទៀត នៅពេលបញ្ហាបញ្ចប់ ខ្ញុំនឹងប្រាប់ថា រឿងនេះ (បញ្ហាព្រំដែន) យ៉ាងម៉េច ហើយកន្លែងនេះវាមានរឿងអ្វីកើតឡើង។ ប៉ុន្ដែពេលនេះ ស្នើសុំបងប្អូនបន្តអត់ធ្មត់ និងជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលលើបញ្ហាជម្លោះកម្ពុជា និងថៃ៕

