ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”

រតនគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបុគ្គលិកនិងធនធានមនុស្ស និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងប្រតិភូនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ក្នុងនោះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី លោក-លោកស្រីស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។
បន្ទាប់ពីការអានរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្តីពីស្ថានភាពទូទៅនៃកិច្ចការរបស់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋានក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការទប់ស្កាត់បង្រ្កាបបទល្មើសនានា ក្នុងខ្លឹមសារដែលបានបញ្ជាក់និងជម្រាបជូនគណៈធិបតី។
លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអាន អនុក្រឹត្យនិងប្រកាសរបស់ក្រសួងមហាផ្ទៃស្ដីពីការផ្ទេរសម្រួលភារកិច្ចតែងតាំងមុខតំណែងនិងដំឡើងឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិរួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ និងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ផ្តល់កិត្តិយសឡើងបំពាក់ឋានន្តរសក្តិប្រគល់អនុក្រឹត្យប្រកាសនិងត្រាជូនដល់មន្ត្រីនគរបាលដែលទើបប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់សក្តិក្នុងពិធីនេះផងដែរ។
សូមបញ្ជាក់ថា មន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តរតនគិរី ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មានចំនួន១៨រូប ក្នុងនោះថ្នាក់ស្នងការរង១រូប នាយការិយាល័យ៤រូប មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកចំនួន១រូប អធិការនគរបាលស្រុកចំនួន២រូប នាយរងការិយាល័យចំនួន៩រូប ព្រមទាំងតម្លើងឋានន្តរស័ក្តិជូនស្នងការរងចំនួន១រូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានផ្តល់ប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន និងមន្ត្រីដែលទើបទទួលបានមុខតំណែងថ្មីនេះ ដោយមានខ្លឹមសារថា រាល់ការស្នើតែងតាំងមន្ត្រីនគរបាលគឺត្រូវមើលទៅលើសមត្ថភាព និងមានស្នាដៃ និងមន្ត្រីដែលមានឆន្ទៈបំរើការងារពិប្រាកដ ចំណែកមន្ត្រីដែលមានស្នាដៃនិងមិនទាន់បានទទួលការលើកទឹកចិត្តសូមបន្តការខិតខំប្រឹងប្រែងបន្តទៀត យ៉ាងណាមិញ ចំពោះមន្រ្តីដែលទើបតែងតាំងថ្មីត្រូវខិតខំបំពេញតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវ និងត្រូវចេះគ្រប់គ្រងការងារដើម្បីសម្រេចគោលដៅផែនការរបស់អង្គភាព បន្ថែមលើនេះ ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាន ត្រូវគ្រប់គ្រងត្រួតពិនិត្យកម្លាំង ជាប្រចាំតាមរយៈការផ្សព្វផ្សាយអប់រំ ជៀសវាងការល្មើសវិន័យកម្លាំង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានជំរុញអោយបន្តការយកចិត្តទុកដាក់ចំពោះ ការបោសសំអាត បង្រ្កាបទប់ស្កាត់ បទល្មើស Online Scams បន្តជាប់ជាប្រចាំ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃអនុក្រឹត្យលេខ០០៣ និងបានហាមដាច់ខាតដល់មន្រ្តីនគរបាលដែលមានការពាក់ព័ន្ធលើបញ្ហានេះ។ចំនុចចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញអោយថ្នាក់ដឹកនាំស្នងការដ្ឋាន ត្រូវចុះអោយដល់មូលដ្ឋានដើម្បីត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្តិ៍ការពារព្រំដែន ក្នុងគោលដៅជួយកែលម្អរ និងរៀបចំកន្លែងធ្វើការអោយបានសមរម្យ៕

