អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ «ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នៅសាលមហោស្រព កោះពេជ្រ។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រព្រឹត្តិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីបណ្តាក្រសួង ស្ថាប័ន អង្គភាពជាសមាជិក អ.ជ.ប.គ.ញ. ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គទូតនៃបណ្តាប្រទេសជាមិត្ត អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋានកងទ័ពចំណុះក្រសួងការពារជាតិ មន្ត្រី អគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. ចំនួន ៣២៨៧នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមស្មារតីធ្វើយ៉ាងណាបំផុសឱ្យមានចលនាជាតិទូទាំងប្រទេស ឲ្យចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន។
ក្នុងនោះ មានការប្រារព្ធទិវាទាំងនៅថ្នាក់ជាតិ និងតាមបណ្ត ខេត្តទាំង២៤ ព្រមទាំងខិតខំបញ្ជ្រាបការងារនេះ ទៅតាមវិស័យសំខាន់ៗ ដូចជា នៅឆ្នាំ២០២៤ បញ្ជ្រាបតាមវិស័យសិល្បៈ ដែលមានការប្រគំតន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំ និងនៅឆ្នាំ២០២៥ បញ្ជ្រាបតាមវិស័យកីឡា ដែលមានប្រកួតបាល់ទះមិត្តភាពអន្តរជាតិ និងនៅឆ្នាំ២០២៦នេះ បញ្ជ្រាបតាមការចូលរួមប្តេជ្ញារបស់សិស្សានុសិស្ស និងយុវជន។
លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សង្គមយើង នឹងសម្រេចបាននូវគោលដៅវិសិដ្ឋ ដែលយើងប្រាថ្នាចង់បាន ដោយស្របតាមប្រសាសន៍ដ៏ថ្លៃថ្លរបស់ សម្ដេចធិបតី ដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹង ត្រូវផ្លាស់ប្តូរពីពាក្យថា «វែកចក» ទៅជា «ការសម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ» ប្រែក្លាយសង្គមជាតិមួយ ទៅជាសង្គមដែលរឹងមាំ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍប្រកបដោយចីរភាព៕

