ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក

ហ្ស៊េរុយសាឡឹម៖ បើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ យោងតាមការស្ទាបស្ទង់មតិមួយដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យបានបង្ហាញថា ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា ប្រទេសអ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក។
ការស្ទាបស្ទង់មតិដោយសាកលវិទ្យាល័យហ៊ីប្រ៊ូ (Hebrew University) បង្ហាញថា អ្នកចូលរួម ៩២,១ភាគរយ (រួមទាំងអ្នកគាំទ្របក្សកាន់អំណាចផងដែរ) ជឿថាអ៊ីរ៉ង់ជាអ្នកឈ្នះក្នុងជម្លោះនេះ ខណៈ ៨២,៩ភាគរយ យល់ថាសន្តិសុខជាតិអ៊ីស្រាអែលកំពុងចុះខ្សោយ។ ទន្ទឹមនឹងនេះ ពលរដ្ឋអ៊ីស្រាអែលជាង ៦៣ភាគរយ ក៏បានសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការចំពោះកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់។
លទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរមកលើនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ។
ពលរដ្ឋជាង ៧២ភាគរយ មិនជឿជាក់លើការអះអាងរបស់លោកអំពីជ័យជម្នះយោធាឡើយ ហើយជាងពាក់កណ្តាលចាត់ទុកការដឹកនាំសង្គ្រាមរបស់លោកថាជាការ «បរាជ័យ» ដែលធ្វើឱ្យអត្រាគាំទ្រចំពោះរូបលោកធ្លាក់ចុះមកនៅត្រឹម ២៩,៤ភាគរយ៕

