ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងជាប្រធានគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ របស់គណៈកម្មការដឹកនាំគ្រមោងសាលាជាតិរដ្ឋបាលមូលដ្ឋាន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង នៃក្រសួងពាក់ព័ន្ធ នាយកសាលជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋានក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ។
ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារទាំងក្នុងក្របខណ្ឌសាលាជាតិ និងក្របខណ្ឌគម្រោង របស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃសាលាជាតិរដ្ឋបាល ដែលញ៉ាំងឱ្យសម្រេចបាននូវលទ្ធផលការងារជាច្រើន។
ឯកឧត្តម បានបន្ថែមថា ក្នុងដំណើរការនៃការអនុវត្តនូវកំណែទម្រង់នានា ដើម្បីឆ្លើយតបនឹងតម្រូវការ គោលនយោបាយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ការពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្សពិតជាមានសារៈសំខាន់ ដោយពឹងផ្អែកលើសកម្មភាពបណ្ដុះបណ្ដាល របៀបរបបនៃការបង្រៀន សំដៅធានាបាននូវប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបបានតាមតម្រូវការជាក់ស្ដែង សម្រាប់រយៈពេលចំពោះមុខ មធ្យម និងរយៈពេលវែង។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការចូលរួម កិច្ចសហការ និងខិតខំប្រឹងប្រែងរបស់គណៈកម្មការដឹកនាំគម្រោង និងសមាសសភាពអង្គភាពគ្រប់គ្រងគម្រោង ចាប់ពីចំណុចចាប់ផ្ដើម និងដំណើរការនៃគម្រោងទាំងមូល៕

