សហរដ្ឋអាមេរិកបាននិងកំពុងជួយអ៊ុយក្រែន ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងទឹកដីរុស្ស៉ី អស់រយៈពេលជាច្រើនខែមកហើយ

Reuters៖ កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា សារព័ត៌មាន Financial Times បានរាយការណ៍ថាសហរដ្ឋអាមេរិកបាន និងកំពុងជួយអ៊ុយក្រែន ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងទឹកដីរុស្ស៉ី អស់រយៈពេលជាច្រើនខែមកហើយ ក្នុងគោលដៅធ្វើឱ្យសេដ្ឋកិច្ចរុស្ស៉ីទន់ខ្សោយ និងបង្ខំឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រឡប់ទៅរកតុចរចា បិទបញ្ចប់សង្រ្គាម។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានជួយ ទីក្រុងកៀវ ក្នុងការកំណត់គោលដៅវាយប្រហារលើរោងចក្រថាមពលសំខាន់ៗរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងរោងចក្រចម្រាញ់ប្រេង។ ប៉ុន្តែ ខាងសេតវិមាន ការិយាល័យរបស់លោក ហ្សេលេនស្គី រួមទាំងក្រសួងការបរទេសមិនបានធ្វើអត្ថាធិប្បាយអ្វីទេទៅនឹងការស្នើសុំអត្ថាធិប្បាយពី Reuters។
ទីក្រុងមូស្គូ បាននិយាយក្នុងខែតុលានេះថាទីក្រុងវ៉ាស៊ីនតោន និង NATO បានផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់ជាប្រចាំទៅឱ្យអ៊ុយក្រែន។ «ការផ្ដល់ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ NATO និងសហរដ្ឋអាមេរិកដើម្បីប្រមូល និងផ្ទេរព័ត៌មានស៊ើបការណ៍សម្ងាត់ទៅឱ្យអ៊ុយក្រែន គឺជាការពិត។ នេះជាការអះអាងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ៕

