តួកគី នឹងមានធនធានថាមពលថ្មី ក្នុងទំហំច្រើនជាងពាក់កណ្តាលនៃតម្រូវការរបស់ខ្លួននៅចុងឆ្នាំ ២០២៨

អង់ការ៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ ២០២៥ តួកគី នឹងមានធនធានថាមពលថ្មី ក្នុងទំហំច្រើនជាងពាក់កណ្តាលនៃតម្រូវការរបស់ខ្លួន នៅចុងឆ្នាំ ២០២៨ តាមរយៈការកើនឡើងនៃផលិតកម្ម និងនាំចូលពីសហរដ្ឋអាមេរិក ដែលអាចគំរាមកំហែងដល់រុស្ស៉ី និងអ៉ីរ៉ង់ ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់តួកគី។
ទីក្រុងវ៉ាស៉ីនតោន បានដាក់សម្ពាធដល់សម្ព័ន្ធមិត្តនានា រួមទាំងសមាជិកការណាតូ ដូចជាតួកគី ឱ្យកាត់ផ្តាច់ទំនាក់ទំនង ផ្នែកថាមពលជាមួយទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់។ អំឡុងជំនួបកាលពីថ្ងៃទី២៥ ខែកញ្ញា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ឱ្យប្រធានាធិបតីតួកគី លោក Tayyip Erdogan បញ្ឈប់ការទិញប្រេងពីរុស្ស៉ី។
ដើម្បីគាំទ្រដល់ដំណើរការនេះ តួកគីបានចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវ LNG ជាមួយសហរដ្ឋអាមេរិក ដែលមានតម្លៃ ៤៣ពាន់លានដុល្លារ រួមទាំងកិច្ចព្រមព្រៀងរយៈពេល ២០ឆ្នាំ ជាមួយក្រុមហ៊ុន Mercuria កាលពីខែកញ្ញា។ ក្នុងពេលជាមួយគ្នា ក្រុមហ៊ុន TPAO ដែលគ្រប់គ្រងដោយរដ្ឋតួកគី បាននិងកំពុងបង្កើនសមត្ថភាពឱ្យលើសពីការផ្គត់ផ្គង់ក្នុងស្រុក។ រីឯ ក្រុមហ៊ុនរដ្ឋ និងឯកជនបានពង្រីកស្ថានីយនាំចូលឧស្ម័ន LNG ដោយនាំមកពីអាមេរិក និងប្រទេសអាល់ហ្សេរី។
ផលិតកម្មក្នុងស្រុក រួមទាំងកុងត្រានាំចូលឧស្ម័ន LNG នឹងគ្របដណ្តប់ច្រើនជាងពាក់កណ្តាល នៃតម្រូវការឧស្ម័នរបស់តួកគី ដែលធ្វើឱ្យការនាំចូលឧស្ម័នតាមបំពង់ ត្រូវកាត់បន្ថយច្រើនស្មើនឹងការផ្គត់ផ្គង់ តាមកិច្ចសន្យាបច្ចុប្បន្នពីរុស្ស៉ី អ៊ីរ៉ង់ និងអាហ្សែបៃហ្សង់ រួមបញ្ចូលគ្នា។
ក្រុមអ្នកវិភាគនិយាយថា ការណ៍ដែរមានប្រភពផ្គត់ផ្គង់ចម្រុះ អាចពង្រឹងសន្តិសុខថាមពលរបស់តួកគី និងគាំទ្រដល់មហិច្ឆតាក្លាយជាមជ្ឈមណ្ឌលឧស្ម័នក្នុងតំបន់ ខណៈទីក្រុងអង់ការ៉ា មានបំណងនាំចេញឧស្ម័ន LNG ដែលខ្លួនបាននាំចូល និងធ្វើការផលិតសម្រាប់លក់ឱ្យអឺរ៉ុប៕
