អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយលើកទឹកចិត្តជូនសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយកុំព្យូទ័រ ដើម្បីលើកទឹកចិត្តជូនសិស្សជ័យ លាភីនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តឧត្តរមានជ័យ។
ពិធីនេះដែរការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក និងសិស្សានុសិស្សជាច្រើននាក់ស្ថិតនៅទីតាំងសាលាខេត្តឧត្តរមានជ័យ។
ថ្លែងនៅក្នុងពិធីឯកឧត្តម មាន ចាន់យ៉ាដា មានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជនធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្តបានណែនាំក្រើនរំលឹក ដល់កូនក្មួយសិស្សានុសិស្សទាំងអស់ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀននេះមិនត្រឹមតែបំផ្លាញខ្លួនប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសារ និងសង្គមជាតិ។
ឯកឧត្ដមអភិបាលខេត្ត ជំរុញអាជ្ញាធរទាំងអស់ត្រូវចូលរួមដើម្បីសម្រូលជូនដល់សិស្សក្នុងការរៀនសូត្រ ហើយរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អជូនប្រជាជនហើយកងទ័ពមានភារកិច្ចក្នុងការការពារទឹកដីជូនប្រជាជន។
យោងតាមរបាយការណ៍របស់លោក ពេជ រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា បេក្ខជនដែលមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ មានចំនួនសរុប១៧៧២នាក់ ស្រី១០១៤នាក់ ជាលទ្ធផល ចំនួនបេក្ខជនដែលប្រឡងជាប់
និទ្ទេសA ចំនួន១៤នាក់ ស្រី១០នាក់
និទ្ទេសB ចំនួន៨០នាក់ ស្រី៤១នាក់
និទ្ទេសC ចំនួន៣២៩នាក់ ស្រី២១៨នាក់
និទ្ទេសD ចំនួន៦៣៦នាក់ ស្រី៣៨៤នាក់
និងនិទ្ទេសE ចំនួន៤៨០នាក់ ស្រី២៥២នាក់។
លោកប្រធានមន្ទីរអប់រំ ក៏បានបញ្ជាក់ថា កញ្ញា ខឿន សុម៉ារី ជាសិស្សនិទ្ទេសAមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ និងធ្លាប់បានជាប់ទៅតាមរយ:កម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ Southeast Asia Youth Leadership Program(SEAYLP )ដែលដាក់តាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាហេីយជាកម្មវិធីដែលមានការគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិកផ្ទាល់ ដែលមានរយ:ពេលបីសប្តាហ៍ ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងពិធីនេះដែរឯកឧត្ដមអភិបាលខេត្ត បានរំលឹកពីការឈ្លានពានពីសំណាក់ប្រទេសថៃមកកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាក្រោយភាគីថៃបានព្យាយាមបិទ មិនឲ្យភាគីកម្ពុជាឡើងទៅប្រាសាទតាមាន់ធំ និងបន្ទាប់ពីប្រទេសទាំងពីរសម្រេចទម្លាក់កម្រិតការទូតនឹងគ្នាឲ្យនៅទាប។
កម្ពុជា និងថៃ បានសម្រេចនូវបទឈប់បាញ់មួយដែលជាគំនិតផ្តួមផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី និងមានចិនជាសាក្សី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នៅទីក្រុង ពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ តែយោធាថៃបានចាប់ទាហានខ្មែរទាំង ១៨ នាក់ជាចំណាប់ខ្មាំងរហូតមកដល់ពេលនេះ នៅមិនទាន់ដោះលែងនៅឡើយទេ។ បន្ទាប់មកកងទ័ពថៃ បំពានបទឈប់បាញ់ ដោយដាក់បន្លាលួស នៅព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ។ ថ្មីៗនេះយោធាថៃប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមករាយបន្លាលួសនិងដាក់កង់ឡាននៅច្រកជោគជ័យ រួមទាំងបានព័ទ្ធយកផ្ទះសម្បែងពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថែមទាំងបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃ ព្រមទាំងទាហានកម្ពុជារងរបួសផងដែរ។
បន្ថែមពីនេះឯកឧត្ដម មាន ចាន់យ៉ាដា បានអំពាវនាវដល់បងប្អូនទាំងអស់សូមកុំលង់សម្ដីរបស់ជនអគតិមួយចំនួនតូចនៅក្រៅប្រទេសស្ដីអំពីរឿងព្រំដែន និងសូមបងប្អូនជឿជាក់លើរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ហើយសូមបងប្អូនកុំលង់លក់ទៅហ្នឹងយុវជនចែនសុីដែរកំពង់តែកើតមានការកើតឡើងនៅតាមប្រទេសមួយចំនួនក្នុងពិភពលោក ហើយក្នុងនាមរដ្ឋបាលខេត្តនឹងមិនអនុញ្ញាតឱ្យមានការកើតឡើងក្រុមចែនសុីជាដាច់ខាត។
លើសពីនេះទៀត ឯកឧត្ដមអភិបាលខេត្តបានកោតសរសើរក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាជាអ្នកសម្របសម្រួល បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង កន្លែងដែលយោធាថៃបានលំលោភបំពាន និងបាញ់មកលើកម្ពុជានៅតាមព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន ដើម្បីផ្ដល់យុត្តិធម៌សម្រាប់កម្ពុជា ដែលតែងតែចង់បាននូវសុខសន្តិភាព៕

