ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ៕
ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី ៖ សកម្មភាពថ្នាក់ដឹកនាំ ស្ថានភាពជនជាប់ឃុំ និងការអនុវត្តនីតិវិធី ការងារសន្តិសុខពន្ធនាគារ ការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ការងារសុខភាពពន្ធនាគារ ការងារសំណង់ពន្ធនាគារ និងកិច្ចការរដ្ឋបាល អគ្គនាយកដ្ឋានពន្ធនាគារ និងបន្តជំរុញដល់បណ្តានាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឱ្យអនុវត្តការងារដែលនៅសេសសល់ រួមទាំងការងារថ្មីៗ សម្រាប់អនុវត្តឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម រដ្ឋលេខាធិការ ថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ និងបានផ្តល់អនុសាសន៍សំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម ៖
– បន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ជាពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
– ជំរុញលើកិច្ចការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ ស្របតាមបែបបទ នីតិវិធី ព្រមទាំងពិនិត្យមើលលើចំណាត់ការបែងចែកវេនប្រចាំការនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។
– ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ភាពចង្អៀតណែន ក្របខណ្ឌ និងការបណ្តុះបណ្តាលជំនាញមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដើម្បីសម្រាលភាពចង្អៀតណែន និងបម្រើដល់ការងារសន្តិសុខ។
– ត្រូវបន្តពិនិត្យមើល និងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។

