YouTube យល់ព្រមបង់ប្រាក់ចំនួន ២៤,៥ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែល លោក ដូណាល់ ត្រាំ បានប្តឹងជុំវិញការផ្អាកគណនីរបស់លោក

បរទេស៖ បើយោង តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ យូធូប (YouTube) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet បានយល់ព្រមបង់ប្រាក់ចំនួន ២៤,៥ លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងដែលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានប្តឹងទៅលើក្រុមហ៊ុននេះជុំវិញការផ្អាកគណនីរបស់លោក បន្ទាប់ពីព្រឹត្តិការណ៍ចលាចលនៅវិមាន Capitol សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១។
កិច្ចព្រមព្រៀងនេះបានធ្វើឱ្យក្រុមហ៊ុន Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំចុងក្រោយគេក្នុងចំណោមក្រុមហ៊ុនធំៗទាំងបី ដែលបានដោះស្រាយបណ្តឹងរបស់លោក ត្រាំ ដែលបានប្តឹងកាលពីខែ កក្កដា ឆ្នាំ២០២១ ដោយចោទប្រកាន់ពួកគេថាបានបិទមាត់ទស្សនៈអភិរក្សនិយមដោយខុសច្បាប់។
លោក ត្រាំ ក៏ធ្លាប់បានប្តឹងទៅលើក្រុមហ៊ុន Twitter (បច្ចុប្បន្នត្រូវបានគេស្គាល់ថាជា X) និងក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook ក៏ដូចជាក្រុមហ៊ុន Google របស់ Alphabet និងនាយកប្រតិបត្តិរបស់ពួកគេកាលពីខែកក្កដា ឆ្នាំ២០២១ ផងដែរ។ ក្រុមហ៊ុន Meta និងក្រុមហ៊ុន X បានយល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងស្រដៀងគ្នានេះកាលពីដើមឆ្នាំនេះ។
ក្រោមកិច្ចព្រមព្រៀងដោះស្រាយបណ្តឹងរបស់ YouTube នេះ ទឹកប្រាក់ចំនួន ២២ លានដុល្លារ នឹងត្រូវបង់ជំនួសលោក ត្រាំ ទៅឱ្យមូលនិធិ Trust for the National Mall ដែលជា អង្គការមិនរក ប្រាក់ ចំណេញ ហើយត្រូវបានចែងនៅក្នុងឯកសារតុលាការថាជាមូលនិធិដែលត្រូវបានឧទ្ទិសដល់ការសាងសង់សាលធំទំហំ ២០០ លានដុល្លារ ដែលលោក ត្រាំ កំពុងសាងសង់នៅឯសេតវិមាន។ ការងារលើ អាគារទំហំ ៩០.០០០ ហ្វីតការ៉េ (៨.៣៦១,២៧ ម៉ែត្រការ៉េ) នេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ «យូរមុន» អាណត្តិបួនឆ្នាំរបស់លោក ត្រាំ ត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៩។
ទឹកប្រាក់ដែលនៅសល់នឹងត្រូវបង់ទៅឱ្យដើមបណ្តឹងផ្សេងទៀតនៅក្នុងសំណុំរឿងនេះ រួមមាន សហភាពអភិរក្សនិយមអាមេរិក (American Conservative Union) ដែលជាអ្នកឧបត្ថម្ភសន្និសីទសកម្មភាពនយោបាយអភិរក្ស (Conservative Political Action Conference) និងអ្នកនិពន្ធជនជាតិអាមេរិក Naomi Wolf។
ក្រុមហ៊ុន YouTube មិនបានទទួលស្គាល់កំហុសអ្វីទេ ហើយនឹងមិនធ្វើការផ្លាស់ប្តូរផលិតផល ឬគោលនយោបាយណាមួយក្រោមការដោះស្រាយបណ្តឹងនេះឡើយ។ លោក ត្រាំ មិនបានបាត់បង់គណនី YouTube របស់លោកកាលពីឆ្នាំ២០២១ នោះទេ ប៉ុន្តែត្រូវបានផ្អាកមិនឱ្យបង្ហោះវីដេអូថ្មីៗប៉ុណ្ណោះ ហើយគណនីរបស់លោកត្រូវបានដំណើរការឡើងវិញកាលពីឆ្នាំ២០២៣។
កាលពីខែមករា កន្លងទៅ ក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ប្រហែល ២៥ លានដុល្លារ ហើយក្រុមហ៊ុន X បានបង់ប្រាក់ប្រហែល ១០ លានដុល្លារ កាលពីខែកុម្ភៈ ដើម្បីដោះស្រាយបណ្តឹង ស្រដៀង គ្នា ដោយលោក ត្រាំ។ ការដោះស្រាយបណ្តឹងរបស់ Meta បានកំណត់ទឹកប្រាក់ ២២ លានដុល្លារ សម្រាប់មូលនិធិសម្រាប់បណ្ណាល័យប្រធានាធិបតីនាពេលខាងមុខរបស់លោក ត្រាំ នៅទីក្រុង Miami រដ្ឋ Florida៕

