កម្ពុជានៅលំដាប់លេខ៦ដែលផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតខ្ពស់ជាង

ភ្នំពេញ÷នៅឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតនៅក្នុងប្រទេសកម្ពុជា នឹងទទួលបាន២១០ដុល្លារ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១មករាតទៅ ខណៈប្រាក់ឈ្នួលអប្បបរមាបូកនឹងប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀតកម្មករ-និយោជិតអាចទទួលបាន ២២៧ដុល្លារ។ តួលេខនេះ បង្ហាញថា កម្ពុជាឈរនៅលំដាប់ថ្នាក់លេខ៦ដែលផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតខ្ពស់ជាងបន្ទាប់ពីប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន និងម៉ាឡេស៊ី។
ការបង្ហាញពីលំដាប់ថ្នាក់នៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតសម្រាប់ប្រទេសនីមួយៗ គឺផ្នែកតាមទិន្នន័យចងក្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្អែកលើស្ថិតិជាតិ និងអន្តរជាតិ, អត្រាប្តូរប្រាក់ជាអត្រាមធ្យមប្រចាំថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានយកចេញពីធនាគារកណ្តាលនៃប្រទេសនីមួយៗ។ ទិន្នន័យចងក្រងដោយក្រសួងការងារ បានបង្ហាញថា ប្រទេសថៃឈរនៅលំដាប់ថ្នាក់លេខ៥ បន្ទាប់ពីកម្ពុជា ដែលមានប្រាក់ឈ្នួលអប្បបរមាទាបបំផុត ២៦២ដុល្លារនិងខ្ពស់បំផុត ៣១២ដុល្លារ, ហ្វីលីពីន ឈរនៅលំដាប់លេខ៤ មានប្រាក់ឈ្នួលអប្បបរមាទាបបំផុត១៧៦ដុល្លារនិងខ្ពស់បំផុត ៣១៧ដុល្លារ, ឥណ្ឌូនេស៊ី ឈរនៅលំដាប់ថ្នាក់លេខ៣ មានប្រាក់ឈ្នួលអប្បបរមាទាបបំផុត១៣២ដុល្លារនិងខ្ពស់បំផុត ៣២៩ដុល្លារ, ចិន ឈរនៅលំដាប់ថ្នាក់លេខ២ មានប្រាក់ឈ្នួលអប្បបរមាទាបបំផុត២៣៧ដុល្លារនិងខ្ពស់បំផុត ៣៨២ដុល្លារ និងឈរនៅលំដាប់ថ្នាក់លេខ១ គឺប្រទេសម៉ាឡេស៊ី មានប្រាក់ឈ្នួលអប្បបរមាទាបបំផុត៣៩២ដុល្លារ។
ដោយឡែក ប្រទេសដែលមានប្រាក់ឈ្នួលអប្បបរមាទាបជាងគេបំផុតនោះគឺប្រទេសមីយ៉ាន់ម៉ា ប្រាក់ឈ្នួលបាន ៨៤ដុល្លារ, ស្រីលង្ការ ១០០ដុល្លារ, បង់ក្លាដែស ១០២ដុល្លារ, ឡាវ ១១៥ដុល្លារ, ប៉ាគីស្ថាន ១៤២ដុល្លារ, វៀតណាម មានប្រាក់ឈ្នួលទាបបំផុត ១៣៩ដុល្លារនិងខ្ពស់បំផុត ១៩៩ដុល្លារ និងប្រទេសឥណ្ឌា មានប្រាក់ឈ្នួលទាបបំផុត ១៤០ដុល្លារ និងខ្ពស់បំផុត ២០៣ដុល្លារ៕

