រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ជួយជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះលក្ខខណ្ឌបទឈប់បាញ់

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តខេត្តឧត្តរមានជ័យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះខ្លឹមសារទាំងស្រុងនៃ សេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា ដែលបានបញ្ជាក់ពីខ្លឹមសាររបស់សារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការស្នើសុំការគាំទ្រ ពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក ដើម្បីជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះ លក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) រវាងកម្ពុជា និងថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកជួយគាំទ្រដល់ការជំរុញឱ្យមាន៖
– ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដែលសម្រេចបាននៅទីក្រុង ពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និងRBC នាពេលថ្មីៗនេះ ហើយបញ្ឈប់ជា បន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាពតានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ
-ការហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ
– ការរុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្តក្នុងតំបន់ដែលពលរដ្ឋខ្មែរបាន និងកំពុង រស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិនទាន់បានដោះស្រាយបញ្ចប់
– ការបញ្ឈប់ផែនការបណ្ដេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្ដេញចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងដីរបស់ពួកគេវិញ
-ការបញ្ឈប់ការប្រើប្រាស់ឬគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់បន្តធ្វើការងារដោយសន្តិវិធី ផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់ និង
– ការដោះលែងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិត ក្រោមការឃុំឃាំងនៅប្រទេសថៃ៕

