ឯកឧត្តម អ៊ុយ រី និង ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹក និងផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យឱ្យបានល្អខ្ជាប់ខ្ជួន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានភាពស្មោះត្រង់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែល្អប្រសើរឡើង ខិតខំបំពេញតួនាទីភារកិច្ច និងមានភាពទំនួលខុសត្រូវខ្ពស់។
ឯកឧត្តម សុខ លូ មានប្រសាសន៍បន្តទៀតថា មន្ត្រីរាជការទាំងអស់ត្រូវមានស្មារតីមួយ ក្នុងការសាមគ្គី និងជួយជ្រោមជ្រែងគ្នា ជួយបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក ដើម្បីឲ្យការផ្ដល់នូវសេវា ក៏ដូចជាការបំពេញនូវកិច្ចការមានភាពល្អប្រសើរ និងជៀសវាងការខ្វះចន្លោះក្នុងការងារ ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវខិតខំអភិវឌ្ឍខ្លួន ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ សូមជៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន៕

