រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន៖ អង់គ្លេសបានបង្ហាញជាផ្លូវការនូវចេតនា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពជាមួយហ្វីលីពីន

ម៉ានីល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វីលីពីន លោក Gilberto Teodoro Jr បាននិយាយថា ចក្រភពអង់គ្លេសបានបង្ហាញជាផ្លូវការនូវចេតនា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពជាមួយហ្វីលីពីន ស្របពេលដែល ទីក្រុងម៉ានីល កំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងសន្តិសុខកាន់តែស៉ីជម្រៅ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច ចំពោះមុខការកើនឡើងភាពតានតឹងនៅក្នុង តំបន់។
លោក Teodoro បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិអង់គ្លេស លោក Vernon Coaker បានប្រគល់លិខិតផ្លូវការរបស់ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey អំឡុងជំនួបមួយនៅទីក្រុងម៉ានីល ដែលបង្ហាញពីចេតនារបស់ចក្រភពអង់គ្លេស ក្នុងការបង្កើតកិច្ចព្រមព្រៀង ដែលសំដៅអនុញ្ញាតឱ្យប្រទេសទាំងពីរ ដាក់ពង្រាយកងទ័ពទៅវិញទៅមក ដើម្បីធ្វើឱ្យយោធា ទាំងពីរ អាចធ្វើការជាមួយគ្នាកាន់តែងាយស្រួលជាងមុន។
ចំណែក ក្រសួងការពារជាតិហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកថា ភាគីទាំងពីក៏បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីស្ថានការណ៍សន្តិសុខនៅក្នុងតំបន់ផងដែរ ក្នុងនោះរួមមានទាំងការវិវត្តនៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលហ្វីលីពីននិងចិន បានជួបហេតុការណ៍ប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត ជុំវិញកន្លែងដែលមានបញ្ហាវិវាទ។
គួរបញ្ជាក់ថា សំណើកិច្ចព្រមព្រៀងកងទ័ពខាងលើ គឺនឹងស្រដៀងគ្នាជាមួយកិច្ចព្រមព្រៀង ដែលហ្វីលីពីនបានបង្កើតឡើង ជាមួយ សហរដ្ឋអាមេរិក អូស្រ្តាលី នូវែលសេឡង់ និងជប៉ុន ជាដើម នាពេលកន្លងមក ហើយវាឆ្លុះបញ្ចាំងឱ្យឃើញពីក្តីកង្វល់រួមផ្នែកសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ក៏ដូចជាការផ្លាស់ប្តូរការផ្តោតសំខាន់របស់ទីក្រុងម៉ានីល ទៅរកការពង្រឹងសមត្ថភាពការពារជាតិ ប្រឆាំងការគំរាមកំហែងពីខាងក្រៅ៕

