ទារកដែលត្រូវបានឪពុកម្តាយបោះបង់ចោល ត្រូវបានផ្តល់កិច្ចការពារ និងថែទាំដោយគ្រួសារធម៌

ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងកិច្ចការពារដល់ជនក្រីក្រ និងជនរងគ្រោះ ដោយមិនបោះបង់នរណាម្នាក់ឡេីយ ជាពិសេសកុមារកំព្រា បោះបង់ និងកុមាររងគ្រោះផ្សេងៗ ។
នារសៀលថ្ងៃពុធ ១១កេីត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា រាជធានី ភ្នំពេញ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានទុកដាក់ទារកដែលត្រូវបានឪពុកម្តាយបោះបង់ទៅឱ្យគ្រួសារមួយចិញ្ចឹម ក្នុងនាមជាឪពុកម្តាយធម៌ ដេីម្បីផ្តល់ការថែទាំ និងកិច្ចការពារឱ្យបានពេញលេញនៅក្នុងគ្រួសារប្រកបដោយភាពកក់ក្តៅ និងក្តីស្រឡាញ់ ស្របតាមគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ដោយផ្តល់ការថែទាំនៅតាមគ្រួសារ ជាជម្រើសអាទិភាពដ៏ល្អប្រសើរបំផុត។

