សហភាពអឺរ៉ុប ប្រកាសពីផែនការដ៏សំខាន់មួយ ដើម្បីពង្រឹងការការពារប្រព័ន្ធផ្កាយរណបរបស់ខ្លួន

បរទេស៖ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានប្រកាសពីផែនការដ៏សំខាន់មួយ ដើម្បីពង្រឹងការការពារប្រព័ន្ធផ្កាយរណបរបស់ខ្លួន បន្ទាប់ពីកើតមានឧបទ្ទវហេតុដែលគួរឲ្យព្រួយបារម្ភមួយ។
គណៈកម្មាធិការការពារជាតិរបស់ EU លោក Andrius Kubilius បានថ្លែងថា សហភាពអឺរ៉ុបនឹងដាក់ពង្រាយផ្កាយរណបបន្ថែមទៀតនៅក្នុងគន្លងគោចរទាប (low Earth orbit)។ គោលបំណងគឺដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ការរំខាន ឬការបិទសញ្ញាប្រព័ន្ធ GPS (Global Positioning System) ដែលអាចបង្កឡើងដោយការជ្រៀតជ្រែកពីខាងក្រៅ។
គួរជម្រាបថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីយន្តហោះរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជួបប្រទះបញ្ហាជាមួយប្រព័ន្ធ GPS ខណៈពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសប៊ុលហ្គារីនៅថ្ងៃអាទិត្យកន្លងទៅ។ អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបានបញ្ជាក់ថា អាជ្ញាធរប៊ុលហ្គារីសង្ស័យថាបញ្ហានេះបណ្តាលមកពីការជ្រៀតជ្រែកដោយចេតនាពីសំណាក់ប្រទេស រុស្ស៊ី៕
