ឯកឧត្តម រស់ វណ្ណា ចុះត្រួតពិនិត្យការងារអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ

កណ្តាល៖នាថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោងចុះពិនិត្យការងារនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាគម្រោង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងមន្ត្រីជំនាញ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS
គោលបំណងនៃដំណើរបេសកកម្មនេះគឺ ដើម្បីចុះត្រួតពិនិត្យការងារតាមគោលដៅនៃការអនុវត្តគម្រោង និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៥ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ៕

