ហ្វីលីពីនប្រកាសបើកចំហចំពោះការពិភាក្សាជាមួយចិន អំពីមធ្យោបាយធានាសុវត្ថិភាពប្រជាជនហ្វីលីពីន ដែលរស់នៅកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងនៅទូទាំងច្រកសមុទ្ទតៃវ៉ាន់

ម៉ានីល៖ កាលពីថ្ងៃព្រហស្បតិ៍ទី២៨សីហា លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានប្រកាសថា លោកស្រីបើកចំហចំពោះការពិភាក្សាជាមួយប្រទេសចិន អំពីមធ្យោបាយធានាសុវត្ថិភាពប្រជាជនហ្វីលីពីន ដែលរស់នៅកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងនៅទូទាំងច្រកសមុទ្ទតៃវ៉ាន់។
លោកស្រី ឡាហ្សារ៉ូ បានធ្វើការកត់សម្គាល់នៅពេលត្រូវបានសាកសួរថា តើហ្វីលីពីនអាចស្វែងរកជំនួយពីរដ្ឋធានីប៉េកាំង ក្នុងការជម្លៀសប្រជាជនហ្វីលីពីនជិត២សែននាក់ដែលរស់នៅក្នុងតៃវ៉ាន់ដែរឬទេ ប្រសិនបើជម្លោះផ្ទុះឡើង?
លោកស្រី ឡាហ្សារ៉ូ និងមន្ត្រីផ្សេងទៀត បានអះអាងថា វិធានការបន្ទាន់ត្រូវបានបង្កើតឡើងរួចជាស្រេចដើម្បីជួយ និងជម្លៀសប្រជាជនហ្វីលីពីន ក្នុងករណីមានសង្រ្គាម។
អំណះអំណាងរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីការព្រមានរបស់ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូនៀ កាលពីដើមខែនេះថា ហ្វីលីពីននឹងជៀសមិនផុតនឹងជាប់ពាក់ព័ន្ធក្នុងជម្លោះរវាងចិន និងតៃវ៉ាន់ ប្រសិនបើផ្ទុះឡើង ដោយសារតែប្រទេសនេះ ស្ថិតនៅជិតកោះតៃវ៉ាន់។
កូនកោះតៃវ៉ាន់បានស្ថិតនៅក្រោម សម្ពាធ ផ្នែកយោធា និងនយោបាយកាន់តែខ្លាំង ឡើងពីមហាយក្សចិនដែលចាត់ទុកកោះ នេះ ជាដែនដីពិសិដ្ឋរបស់ខ្លួន ហើរដ្ឋធានីប៉េកាំង មិនដែលបោះបង់ចោលលទ្ធភាពនៃការ ប្រើ កម្លាំងយោធា ដើម្បីនាំតៃវ៉ាន់មកក្រោមការ គ្រប់គ្រងរបស់ខ្លួនឡើយ។
លោកស្រី ឡាហ្សារ៉ូ បានបញ្ជាក់ជាថ្មីថា ហ្វីលីពីន ប្រកាន់គោលនយោបាយចិនតែ មួយហើយនឹងទុកឱ្យប្រជាជនចិន ដោះស្រាយបញ្ហាឆ្លងច្រកសមុទ្ទដោយខ្លួនឯង៕
