មនុស្សជាង ២ពាន់លាននាក់ទូទាំងពិភពលោក នៅតែខ្វះលទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគ

UN៖ បើយោងតាមកាចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ មនុស្សជាង ២ពាន់លាននាក់ទូទាំងពិភពលោក នៅតែខ្វះលទ្ធភាពទទួលបានទឹកស្អាតសម្រាប់បរិភោគ ខណៈអង្គការសហប្រជាជាតិ (UN) បានព្រមានថា កង្វះខាតកំពុងរាលដាលជាសកលទៅស្ទើរតែគ្រប់ទីកន្លែង។
នៅឆ្នាំ ២០២៤ មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ទូទាំងពិភពលោក មិនអាចទទួលបានទឹកស្អាតសម្រាប់បរិភោគ ដោយប្រជាជនជាង ១០០លាននាក់ នៅតែពឹងផ្អែកលើប្រភពទឹកមកពីទន្លេ ស្រះ និងប្រឡាយ។
អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF បានលើកឡើងថា ភាពយឺតយាវនៃការសេវាផ្តល់ទឹកស្អាត និងអនាម័យ បានធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។
តាមការសិក្សារួមគ្នា ពិភពលោក នៅតែស្ថិតនៅឆ្ងាយពីផ្លូវដើម្បីឈានទៅដល់គោលដៅឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវការគ្របដណ្តប់ជាសកល នូវការផ្តល់សេវាកម្មទឹកស្អាត។ មានប្រទេសចំនួន ២៨ដែលមនុស្សច្រើនជាង ១នាក់ក្នុងចំណោម ៤នាក់ ខ្វះខាតសេវាជាមូលដ្ឋាន ដោយភាគច្រើននៅតំបន់អាហ្រ្វិក។
គួរបញ្ជាក់ថា ប្រភពទឹកសុវត្ថិភាព ត្រូវបានកំណត់ថា ជាទឹកសម្រាប់បរិភោគដែលអាចយកមកប្រើបាន គ្រប់ពេលវេលា គ្មានការចម្លងរោគពីលាមក និងសារធាតុគីមីជាអាទិភាព៕
