ក្រសួងចំនួន២ ជួបប្រជុំគ្នា ដើម្បីពិគ្រោះយោបល់ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី របស់ពលរដ្ឋរស់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប

ភ្នំពេញ៖ កាលពីថ្ងៃទី២៥សីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយក្រសួងវប្បធម៌ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន១០ទៀត បានជួបប្រជុំគ្នា ដើម្បីពិគ្រោះយោបល់ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី របស់ពលរដ្ឋរស់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប។
កិច្ចប្រជុំស្តីពី «ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប» ធ្វើឡើងនៅទីរួមខេត្តសៀមរាប ក្រោមការដឹកនាំពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយការចួលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦នៅជុំវិញតំបន់បឹងទន្លេសាប។
ថ្លែងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឧនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចពិគ្រោះយោបល់នេះជាជំហានដ៏សំខាន់មួយ សម្រាប់ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប។
ឯកឧត្ដមបន្ថែមថា ក្រោយភាគីពាក់ព័ន្ធកំណត់ផែនទីឯកភាពការងាររួច នឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង១៦៥២ឃុំ នៅទូទាំងប្រទេស។
ឯកឧត្ដមក៏ចាត់ទុកផែនទីឯកភាពការងារនេះ គឺជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ហើយអាចលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បីកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ៕

