រដ្ឋបាលខេត្តតាកែវ ប្រជុំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅខេត្តតាកែវ ជាមួយ ឯកឧត្ដម ហោ ប៉េង អនុប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តតាកែវ និង ឯកឧត្តម ឡេង តុលា តំណាងអង្គភាពប្រឆាំង អំពើពុករលួយ និងជាប្រធានក្រុមការងារដឹកនាំសង្កេតការណ៍ប្រឡងបាក់ឌុប ប្រចាំខេត្តតាកែវ ។
បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៩៦បន្ទប់ កើន ១១បន្ទប់ មានបេក្ខជនសរុប ៩៨១៦នាក់ ស្រី ៥២៨៧នាក់ កើនសរុប ៤៧៤នាក់ ស្រី ៣២២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៤មណ្ឌល ស្មើនឹង ៩៧បន្ទប់ មានបេក្ខជនសរុប ២៣៨៥នាក់ ស្រី ១៤៧៦នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៣មណ្ឌល ស្មើនឹង ២៩៩បន្ទប់ មានបេក្ខជនសរុប ៧៤៣១នាក់ ស្រី ៣៨១១នាក់៕

