អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មហាសាមគ្គីជាតិ ឯកភាពជាតិដ៏រឹងមាំ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានា សាបរលាបយ៉ាងឆាប់រហ័ស

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនាពេលនេះ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានារបស់ភាគីថៃ ហើយធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រនេះសាបរលាបទៅវិញ។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុតពីសំណាក់ថ្នាក់ដឹកនាកំពូល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កំពុងតែប្រព្រឹត្តិទៅដោយសម្រេចបាននូវលទ្ធផលជាវិជ្ជមានបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំ GBC និង RBC។
ឯកឧត្ដមអ្នកនាំពាក្យបញ្ជាក់ថា “មហាសាមគ្គីជាតិ ឯកភាពជាតិដ៏រឹងមាំ ដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានា ដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពល និងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស”។
រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន នៅតែជាអ្នកធានាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាអធិបតេយ្យភាព បូរណភាពទឹកដី ដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅបំផុតរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ៕
