សហភាពអឺរ៉ុប ផ្តល់ជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែនទំហំ ៤,៧ពាន់លានដុល្លារ មុនពេលទិវាឯករាជ្យ

សហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែសីហា បានផ្តល់ជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែនទំហំ ៤,៧ពាន់លានដុល្លារ មុនពេលទិវាឯករាជ្យរបស់អ៊ុយក្រែនលើកទី៣៤។ ការផ្តល់ជំនួយរបស់អឺរ៉ុបបែបនេះ បានបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន ស្របពេលការឈ្លានពានរបស់រុស្ស៊ី។
តាមរយៈកញ្ចប់ជំនួយហិរញ្ញវត្ថុទំហំ ៤,៧លានដុល្លារ សហភាពអឺរ៉ុប បានផ្តល់ជំនួយទំហំ ៣,៥ពាន់លានដុល្លារ ទៅអ៊ុយក្រែន ក្រោមកម្មវិធីUkraine Facility និងកញ្ចប់ថវិកាបន្ថែម ១,២ពាន់លានដុល្លារ ក្រោមកម្មវិធីយន្តការជំនួយ Macro-Financial Assistance។
«ស្របពេលអ៊ុយក្រែនអបអរទិវាឯករាជ្យលើកទី ៣៤ សហភាពអឺរ៉ុប បានផ្តល់សារយ៉ាងច្បាស់ សាមគ្គីភាពរបស់យើងជាមួយអ៊ុយក្រែន ដោយមិនរាថយ»។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការប្តេជ្ញារបស់អឺរ៉ុប មិនមែនសម្រាប់តែស្តារអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសមួយដែលមានអធិបតេយ្យ និងប្រកបដោយប្រជាធិបតេយ្យ។
កម្មវិធី Ukraine Facility ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២៤ និងជាកម្មវិធីមានរយៈពេល ៤ឆ្នាំ ដើម្បីផ្តល់កម្ចីហិរញ្ញវត្ថុ ៣៦ពាន់លានដុល្លារ និងជំនួយឥតសំណង ១៨ពាន់លានដុល្លារ៕
